(ភ្នំពេញ)៖ ជាការលើកទឹកចិត្ត ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមន ដែលបានខិតខំបំពេញការពារកន្លងមក លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល និងផ្តល់អំណោយ ដល់ប្រជាការពារ ដោយបានសរសើរ ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវបច្ចុប្បន្ន ក៏ដូចកន្លងទៅ មិនថាយប់ថ្ងៃ ភ្លៀងខ្យល់នោះឡើយ គឺថា កម្លាំងបានបម្រើប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

ជាការគិតគូររបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់កម្លាំងសណ្តាប់ធ្នាប់នេះ ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរាបរយ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរនោះ លោក ថេង សុថុល បានស្នើសូមដល់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ រួមសាមគ្គីជាកម្លាំង និងខិតខំបំពេញការងារ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ពិសេសការអនុវត្តបទបញ្ជារបស់អភិបាលរាជធានី ដែលកន្លងមកកម្លាំងនេះ បានចូលរួមប្រមូលសំរាម ដែលបានកកស្ទះដោយកម្មករស៊ិនទ្រីធ្វើកូដកម្មនោះ ។

លោក ថេង សុថុល បានលើកឡើងបន្តទៀតថា សូមឲ្យមន្រ្តី និងកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ឲ្យបន្តនូវវប្បធម៌ការងារដ៏សកម្ម ផុលផុសរបស់ខ្លួនបន្តទៀត ដើម្បីបម្រើជូនបងប្អូនប្រជាជន និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពួកគាត់ឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ។

លោក ថេង សុថុល ក៏បានណែនាំដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមវត្ត, តាមទីសាធារណៈ, ការសំរួលចរាចរ និងលើកកំពស់ ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ។

លោកអភិបាលខណ្ឌ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព៕