(បន្ទាយមានជ័យ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានចុះជួបសាកសួរសុខទុក្ខ និងនាំអំណោយ ជូនអ្នករងគ្រោះទឹកជំនន់ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១៦០ខ្នងផ្ទះ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានចូលរួមមរណទុក្ខដល់ប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ ដែលមកដល់ពេលនេះមានអ្នករងគ្រោះស្លាប់ ចំនួន២២នាក់។

លោកបានថ្លែងថា ជាមួយនឹងការប្រយុទ្ធដើម្បីយកឈ្នះ ជាមួយទឹកជំនន់ដែលយើងមើលឃើញ យើងនៅតែបន្តប្រយុទ្ធជាមួយកូវីដ-១៩ ដែលពិបាកជាងទឹកជំនន់ ព្រោះតែយើងមើលមិនឃើញ ដែលនៅមិនទាន់ធានាបានថា បានសាបសូន្យទៅវិញនៅឡើយ ខណៈប្រទេសប្រទេសនៅក្នុងតំបន់ ក៏បានលាប់ឡើងវិញ ជាកត្តាដែលយើងកាន់តែត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នបំផុត។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា គ្មាននរណាស្រលាញ់ជាតិសាសន៍យើង ជាងមេដឹកនាំជាតិយើង ដែលរួមទុក្ខ រួមសុខ ជាមួយរាល់គ្រាទាំងលំបាក សប្បាយ សុខសន្តិភាព ដែលមានតែប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែ នៅជាមួយ ប្រជាពលរដ្ឋ តាំងពីដើមនៃការកសាងប្រទេសពីបាតដៃទទេ រហូតបានទទួលអ្វីគ្រប់បែបយ៉ាងដល់សព្វថ្ងៃ។

អំណោយដែលនាំមកចែកជូននាពេលនេះ ជាការសហការចូលរួមពីក្រុមហ៊ុន ណាសាខាមេធិច ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១០គីឡូក្រាម, មី១កេស, ទឹកស៉ីអ៉ីវ១យួរ និងថវិកា២ម៉ឺនរៀល៕