(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាកម្ពុជាខណ្ឌព្រែកព្នៅ និងលោក លោកស្រីក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងអាជីវករព្រមទាំងសប្បុរសជន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និង ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ពន្សាំងចំនួន ២១១គ្រួសារ។

សម្រាប់ការចែកអំណោយនេះដែល ក្នុង១គ្រួសារទទួលបានដូចជា អង្ករ ១បាវ(២៥គីឡូ), មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង១យួរ, ថ្នាំពេទ្យ ១ឈុត, ថ្នាំព្យាបាលទឹកស៊ីជើង, និងថវិកា៦០,០០០រៀលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក សុខ សម្បត្តិ បានថ្លែងនូវកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានសម្តែងនូវការអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា ព្រមទាំងសំភារៈផ្សេងៗ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះដែរ លោក សុខ សម្បត្តិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសកំពុងជួបគ្រោះទឹកជំនន់ សូមរក្សាអនាម័យក្នុងការរស់នៅជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕