(ភ្នំពេញ)៖ ក្រុមសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ ជាកម្លាំងមួយស្នួលមួយដ៏សំខាន់ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សង្គ្រោះបំពេញប្រតិបត្តិការសង្គ្រោះនេះឲ្យទទួលបានជោគជ័យ។

ក្រៅពីសហការជាមួយកងកម្លាំងផ្សេងៗ ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់នោះ ក្រុមសង្គ្រោះ៧១១ របស់កងពលលេខ៧០ បានចុះពិនិត្យសុខភាព ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជួបការលំបាក នៅទីតាំងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ បានដឹកនាំក្រុមសង្គ្រោះ ៧១១ ចុះឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជូនលោកយាយ ទឹម ឡូ អាយុ៧២ឆ្នាំ ដែលមកពីស្រុកឈូក ខេត្តកំពត មកមើលចៅ២នាក់ ព្រោះឪពុកម្តាយមកធ្វើសំណង់នៅបុរី VIP គំរោង១។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ក៏បានឲ្យដឹងទៀតថា ក្រុមសង្គ្រោះ ៧១១ ក៏បានចុះពិនិត្យសុខភាព និងសង្គ្រោះប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពជាប្រចាំផងដែរ នៅកន្លែងទីទួលសុវត្ថិភាព ដែលត្រូវជម្លៀសចេញពីតំបន់ដែលបានលិចលង់ ដោយជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោផងដែរ៕