(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសបានថ្នាំញៀនជាង១កីឡក្រាម។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៤ ខែតុលានេះថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក សៀង មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គិត សុខា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ហើយវត្ថុតាងចាប់យកបានមានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១០៣៥.៤១ក្រាម។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ខិតខំស្រាវជ្រាវបង្ក្រាបបានករណីជួញដូរគ្រឿងញៀនធំៗ ជាបន្តបន្ទាប់ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ៕