(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានកោះប្រជុំបន្ទាន់មួយជា មួយអជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្រ្តីច្រកទ្វារព្រំដែនទាំង៣ ក្នុងខេត្ត ដើម្បីពិភាក្សារឹតបន្តឹងការងារ បន្ទាប់ពីបែក ធ្លាយវីដេអូឃ្លីប មន្រ្តីច្រកទ្វារជាំ រឹបអូសរទេះដឹកទំនិញរបស់ប្រជាពលរដ្ឋយកទៅដុតចោលកាលពីប៉ុន្មានថ្ងៃមុននេះ។

លោក ស ថាវី បានសំដែងការសោកស្តាយខ្លាំង ចំពោះសកម្មភាពសមត្ថកិច្ចរឹបអូសទំនិញប្រជាពលរដ្ឋទៅដុតចោលនេះ។ លោកអភិបាលខេត្តបានលើកឡើងថា រឿងនេះជារឿងតិចតួច បែរក្លាយទៅជារឿងធំ ព្រោះតែខ្វះសាមគ្គីភាពរបស់មន្រ្តីពេលបំពេញការងារ។ លោកអភិបាលខេត្តបានថ្លែងថា «យើងធ្វើការជាមួយគ្នា បើយើងខ្វះការសាមគ្គីផ្ទៃក្នុងទេនោះ ការងារមិនមានការរីកចម្រើននោះទេ។ ឧទាហរណ៍ទំនិញមួយរទេះសមត្ថកិច្ចនេះ ឲ្យចូលបែរជាសមត្ថកិច្ចមួយទៀតចាប់ ដែលករណីនេះហើយ ជះឥទ្ធិពលអាក្រក់ ដូច្នេះចាប់ពីថ្ងៃនេះទៅទង្វើរបែបនេះត្រូវលុបបំបាត់ចោល» 

លោក ស ថាវី បានណែនាំឲ្យមន្ត្រីនៅមាត់ច្រកទ្វារទាំង៣ ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់សម្រួលរាល់ការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យមានភាពងាយស្រួល ដែលកន្លងមកការចេញចូលរបស់ប្រជាពលតែងជួបការលំបាក ពេលខ្លះថ្នាក់ដឹកនាំ ក៏ពិ បាកដូចប្រជាពលរដ្ឋផងដែរ។ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យប្រធានច្រកទ្វារទាំង៣ ត្រូវដឹកនាំការប្រជុំជាប្រចាំជាមួយសមត្ថកិច្ចនៅមាត់ច្រករួមមាន៖ គយ កាំកុងត្រូល និងនគរបាលអន្តោប្រវេសន៍ ហើយការចូលរួមប្រជុំនេះប្រធានស្នាក់ការត្រូវចូលរួមប្រជុំជាចាំបាច់ និង ត្រូវធ្វើរបាយការណ៍ជូនសាលាខេត្តជាប្រចាំផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើទៅលោកអភិបាលក្រុង ស្រុក ត្រូវត្រួតពិនិត្យកុងត្រូលជជុះ ដែលតែងតែរំខាន ប្រ ជាពលរដ្ឋដែលដឹកទំនិញតិចតួចចេញពីព្រំដែន។ លោកអភិបាលខេត្តលើកឡើងថា ទំនិញគេបង់លុយពីមាត់ច្រកទ្វារហើយ ចុះហេតុអីចាំបាច់ត្រូវបង់លុយនៅក្រៅទៀត ករណីនេះលោកអភិបាលស្រុក ក្រុង ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ក្រុង ត្រូវត្រួតពិនិត្យមើលជាបន្ទាន់៕

បងប្អូនមើលចរិតមន្រ្តីគយនៅព្រំដែនខ្មែរថៃច្រកជាំស្រងាំខេត្តឧត្ដមានជយ័ធ្វើបាបប្រជាពលរដ្ឌខ្មែគ្នាឯងអីសាហាវម្លេះបងប្អូន

Posted by Sunee Love on Friday, January 29, 2016