(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តទទួលអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗទៀត ពីក្រុមហ៊ុនថៃចំនួន៣៧ ដែលកំពុងវិនិយោគនៅកម្ពុជា ដើម្បីបន្តនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមបណ្តារាជធានី-ខេត្ត។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពូជា និងអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រវាងលោក លោកស្រី ជីរ៉ាណាន់ វង្សមង្គល (Mrs. Jiranun Wongmongkol) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការី និងសមាជិក ក្រុមប្រឹក្សាធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

តាងនាមឱ្យសម្តេចតេជោ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងលោកទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី លោក ហង្ស សាមឿន សូមថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះលោកស្រីប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ នៅព្រះរាជាណាចក្រកម្ពុជា និងសមាជិក ព្រមទាំង អស់លោក-លោកស្រី ជាប្រធាន និងតំណាងក្រុមហ៊ុនថៃទាំង៣៧ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញ ពីសមានចិត្តសប្បុរស អាណិតអាសូរ ស្រឡាញ់រាប់អានប្រជាជនកម្ពុជា និងនាំមកនូវជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាប្រពៃនេះ សម្រាប់ចែកជូន ប្រជាជនរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយធម្មជាតិ បង្កដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រួលដល់ជីវភាពមួយរយៈរបស់ពួកគាត់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ស្ថិតក្នុងឱកាសនោះដែរ លោក ហង្ស សាមឿន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់នៅក្នុង ២០រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន៖ ១៣៣,៧៩៤ គ្រួសារ ស្មើប្រមាណ ៥៣៥,១៧៦ នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៦៤៧ គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨ នាក់, និងប្រជាជនស្លាប់ចំនួន៣៩នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់។

សូមជម្រាបផងដែរថា ជំនួយសប្បុរសធម៌ សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ដែលទទួលបានពីក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំ នៅកម្ពុជា និងក្រុមហ៊ុនថៃទាំង៣៧ រួមមាន៖ ស្បៀងអាហារ, ភេសជ្ជៈ, ថ្នាំពេទ្យ, សំលៀកបំពាក់, របស់ប្រើប្រាស់ និងថវិកាមួយចំនួន ហើយតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្ថាប័ន គ.ជ.គ.ម. នឹងយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅចែកជូនដល់ប្រជាជនរងផលប៉ះពាល់បង្កដោយជំនន់ទឹកភ្លៀងនៅតាមរាធានី-ខេត្ត ដោយផ្ទាល់៕