(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លាងទ្វារធំនៅវត្តបញ្ចសិលាថ្មគ្រែ និងចែកអំណោយដល់ពលរដ្ឋក្រីក្រ ចំនួន ៤០គ្រួសារ ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណា ត្រូវជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានសិន ចាំគិតបន្តទៀត ។

ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាងនេះទៀតប្រទេសយើងកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។

លោក វ៉ា ថន បានសំណូមពរប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ និងអភិរក្សនូវវប្បធម៌ ប្រពៃណី និងសាសនា រួមនិងសមិទ្ធផលនានា ដែលកើតមានឡើងឲ្យបានគង់វង្ស ដើម្បីទុកជាកេរ្តិ៍តំណែលដល់កូនចៅ និងជាកុសលផលបុណ្យ ហើយផលបុណ្យទាំងអស់ដែលយើងទាំងអស់គ្នាបានសាងនេះ និងគង់ឋិតថេរ ថែរក្សាប្រទេសជាតិ និងជាជាតិយើងឲ្យទទួលតែសុខដុរមនា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។

អំណោយទាំងនោ គឺចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន ៤០គ្រួសារ ដោយ១គ្រួសារទទួលបាន មី ត្រីខ អង្ក ទឹកស៉ីអ៉ីវ និងថវិកា ៥ម៉ឺនរៀលផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ លោកសំណូមពរ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ និង ក្រុមគ្រួសារ នៅពេលដែលមានគ្រោះទឹកជំនន់នេះ ព្រមទាំងត្រូវប្រកាន់ជាប់អនាម័យ សម្អាតផ្ទះសំបែង ហូបទឹកស្អាត ទឹកឆ្អិនជាដើមចៀសវាងជំងឺដង្កាត់ផ្សេងៗ ហេតុនេះត្រូវសម្រានក្នុងមុង សម្អាតបរិស្ថានជុំវិញផ្ទះ ដើមី្បបំបាត់ជម្រកមូសខ្លាផងដែរ៕