(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តពោធិ៍សាត់ និងសមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមការងារ ថ្នាក់ខេត្ត ស្រុក និងឃុំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី យកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបចំនួន ៤០០គ្រួសារ។ឮ

អំំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដែលយកទៅចែកជូនប្រជាពលរដ្ឋទាំង៤០០គ្រួសារ នាឱកាសនោះក្នុង១ គ្រួសារៗ ទទួលបាននូវថវិកា ៤០ ០០០រៀល, អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, ប្រេងកូឡា ៣ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, សាប៊ូម្សៅ ១កញ្ចប់ (០.៥ គីឡូក្រាម)។

ជាមួយគ្នានេះដែរ លោក ស៊ុយ សែម ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចទាំងអស់តែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

លោក ស៊ុយ សែម បានបន្តថា អំណោយទាំងនេះ គឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗ អ្វីដែលសំខាន់ គឺការបង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះសម្រាប់បង្កបង្កើនផល។

ក្នុងឱកាសនោះដែរ លោក ស៊ុយ សែម និងលោកស្រី ជា ខេង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៦,០០០,០០០រៀល សម្រាប់ចាក់សាប និងជួសជុលអគារសិក្សាសាលាបឋមសិក្សាសំឡាញ ផងដែរ៕