(ពោធិ៍សាត់)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បាននាំយកគ្រឿងឧបភោគ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៥គ្រួសារ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

អំណោយទាំងនោះរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ជែលលាងដៃ ២ដប និងថវិកា ៣ម៉ឺនរៀល ក្នុង១គ្រួសារ ដែលជាអំណោយសប្បុរសធម៌របស់លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការ ក្រុមហ៊ុន។

ជាមួយគ្នានោះ លោក ញ៉ឹក វណ្ណារ៉ា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការ ដែលប្រកបដោយចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក ញ៉ឹក វណ្ណារ៉ា ក៏បានអញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨៥គ្រួសារ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ប្រេងឆា និងថវិកា២ម៉ឺនរៀល ក្នុងមួយគ្រួសារ ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ៕