(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ បានទទួលជំនួយអង្ករ ២០តោន ពីឧកញ៉ា ឌួង ឆាយ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ បានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោកអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ឌួង ឆាយ និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ។