(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៩៩៩គ្រូសារ នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយទឹកជំនន់ បានទទួលអំណោយជាថវិកា និងគ្រឿងបិរភោគជាបន្តបន្ទាប់ ពីមូលនិធិសប្បុរសធម៌ នៃក្រុមហ៊ុនអអេហ្វ៣ វើលដ៏ (ខេមបូឌា) ដោយថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកបាននាំទៅចែកជូនចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២០កន្លងទៅ ដើម្បីចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ជួយពលរដ្ឋរបស់យើងដែលរងគ្រោះដោយគ្រោះធម្មជាតិមួយនេះ។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនបាននាំអំណោយទៅចែកជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យចំនួន៤៩៩គ្រួសារ។ ពិធីចែកអំណោយសប្បុរសធម៌នេះ បានប្រព្រឹត្តិក្រោមអធិបតី របស់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី និងលោកស្រី, អគ្គនាយកក្រុមហ៊ុន RF3 World Cambodia វណ្ណ សុភានោ និងលោកស្រីអគ្គនាយិការ ផាន់ ណារ៉ា រួមទាំងសមាជិកសមាជិកា និងអជ្ញាធរមូលដ្ឋានផងដែរ នៅក្នុងទីធ្លាវត្តចំណោម ភូមិចំណោម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែងសំណេះសំណាលក្នុងពិធីចែកអំណោយនេះ អាជ្ញាធរមូលដ្ឋានស្រុកមង្គលបុរី បានឲ្យដឹងថា អំណោយទាំងនេះត្បិតតែមិនច្រើនមែនតែជាវប្បធម៌ចែករំលែកដែលក្រុមហ៊ុន RF3 World Cambodia បានចែករំលែកការស្រលាញ់របស់ខ្លួន ចំពោះពលរដ្ឋកម្ពុជាដែលកំពង់តែរងគ្រោះពីទឹកជំនន់។ ស្បៀងអាហារទាំងនេះនឹងជួយដោះបន្ទុកបងប្អូនក្នុងគ្រាដែលមិនអាចប្រកបការងារបាន ខណ:ទឹកជន់លេចស្ទើរគ្រប់ទីកន្លែងក្នុងស្រុកមង្គលបូរីនេះ។ លោកអភិបាលរង នៃស្រុកមង្គលបូរី ក៏បានថ្លែងអំណរគុណ លោកអគ្គនាយ និងសមាជិកក្រុមហ៊ុនទាំងអស់ដែលបាននាំយកអំណោយ មកចែកជូនបងប្អូនក្នុងគ្រាលំបាកនេះផងដែរ។

លោក វណ្ណ សុភានោ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុននិងអ្នកផ្តួចផ្តើមកម្មវិធីសប្បុរសនេះ បានថ្លែងចំពោះមុខបងប្អូនដែល មានវត្តមានក្នុងពិធីថា លោកមានសេចក្តីសោមនស្សរីករាយ ពេលឃើញទឹកមុខបងប្អូនញញឹម រឹងមាំ ហាក់ដូចជាគ្មានអ្វីកើតឡើងក្នុងគ្រាជួបគ្រោះអាសន្ននេះ។ លោកថា អំណោយទាំងនេះ តិចតួចទេតែនឹងជួយសំរាលទុក្ខលំបាកបងប្អូនបានខ្លះដែរ ពេលដែលជំនន់ទឹកភ្លៀងមិនទាន់ស្រក។ ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណជាខ្លាំងដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយសំរួលការងារមនុស្សធម៍របស់ក្រុមហ៊ុន និងបានអគុណដល់ ក្រុមការងារទាំងអស់ដែលបានចូលរួមអស់ ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកម្មមួយនេះ។

លុះដល់រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកក្រុមហ៊ុនដឹកនាំដោយលោកអគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិកា ផាន់ ណារ៉ា បាននាំយកអំណោយ សប្បុរសធម៌របស់ខ្លួន មកចែកជូនបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបងបន្តទៀតចំនួន២៦០គ្រួសារ។ ទីតាំងរៀបចំកម្មវិធីសប្បុរសធម៍នេះធ្វើឡើងនៅ ភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក យ៉ម យ៉ា អភិបាលរងស្រុកសង្កែ និងអគ្គនាយកក្រុម និងអ្នកស្រី ព្រមទាំងសមាជិកថ្នាក់ដឹកនាំទាំងអស់មហាគ្រួសារ FR3 World Cambodia រួមទាំងអជ្ញាធរមូលដ្ឋានផងដែរ។

ថ្លែងសំណេះសំណាលនៅក្នុងពិធីសប្បុរសធម៌ លោក យ៉ម យ៉ា បានលើកឡើងថា ទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានរហូត១៩រាជធានី-ខេត្ត។ ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តបន្ទាយមានជ័យ បន្ទាប់មកខេត្តបាត់ដំបង និងពោធិ៍សាត់។ លោកបន្តថា ស្រុកសង្កែ ខេត្តបាត់ដំបងនេះរងគ្រោះរហូតទៅដល់១០ឃុំ ហើយនៅក្នុងខេត្តទាំងមូល ស្រុកដែលរងគ្រោះខ្លាំងជាងគេគឺថ្មគោល ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។ លោកបន្តថា ពេលមានគ្រោះអាសន្ន រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជួយសង្រ្គោះពលរដ្ឋគ្រប់ពេលវេលា ហើយអំណោយរបស់ក្រុមហ៊ុន RF3 World cambodia នាពេលនេះគឺជាការចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលក្នុងអំពើរសប្បុរសធម៍ ជួយសង្រ្គោះពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបងយើងនេះ។

លោកក៏បានថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុន និងភរិយារួមទាំងក្រុមកងារផងដែរ ដែលបានមកជួយដោះស្រាយទុក្ខលំបាកប្រជាជនទាន់ពេលវេលា និងសូមអោយក្រុមហ៊ុនដែលជាម្ចាស់អំណោយទទួលបាននូវស្នាមញញឹមដោយក្តីរីករាយ។

ថ្លែងក្នុងឱកាសនោះដែរ លោក វណ្ណ សុភានោ បានលើកឡើងថា លោកមានសេចក្តីរំភើប រីករាយឥតឧបមារ ដែលឃើញបងប្អូនដែលរងគ្រោះមកទទួលអំណោយនៅពេលនេះ ហើយលោកមានសេចក្តីសោមនស្សដែលបានចូលរួមក្នុងការជួយសង្រ្គោះពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ផងដែរ។ លោកថា ដោយសារកម្ពុជារងគ្រោះស្ទើរតែទូទាំងប្រទេស តែលោកជ្រើសខេត្ត៣ដែលរងគ្រោះខ្លាំងជាងគេ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌នេះ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

លោកបន្តថា អំណោយសប្បុរសធម៌ដែលចែកជូនបងប្អូននៅខេត្តបាត់ដំបងនេះ មិនខុសពីអំណោយនៅខេត្តបន្ទាយមានជ័យទេ គ្រាន់តែខុសគ្នាត្រង់តួលេខប៉ុណ្ណោះ គឺខេត្តបន្ទាយមានជ័យ ចំនួន៤៩៩គ្រួសារ ខេត្តបាត់ដំបងចំនួន២៦០គ្រួសារ និងខេត្តពោធិ៍សាត់តិចជាងគេជាង ២០០គ្រួសារ ដោយសារខេត្តពោធិ៍សាត់ មានការជួយសង្គ្រោះច្រើនពីសំណាក់ រាជរដ្ឋាភិបាល និងសប្បុរសជននានានាពេលកន្លងមក។

ដោយឡែកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន RF3 World cambodia ដឹកនាំដោយលោកអគ្គនាយ វណ្ណ សុភានោ និងលោកស្រីអគ្គនាយិការ បាននាំយកអំណោយមានអង្ករ មី ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់នេះចំនួន ២៤០គ្រួសារ។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតី អភិបាលរងខេត្តពោធិ៍សាត់លោក ចេង ឡៃ និងអភិបាលក្រុង លោក ចាប សំណាង រួមជាមួយលោកអគ្គនាយក វណ្ណ សុភានោ និងអ្នកស្រី រួមទាំងសមាជិកសមាជិកា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក វណ្ណ សុភានោ សំដែងនូវក្តីសមនស្សរីករាយជាខ្លាំង ដែលលោកបានមកជួបបងប្អូនដោយផ្ទាល់នៅទីនេះ លោកក៏បានចូលររួមស្តាយជាខ្លាំង ចំពោះការបាត់បង់ ផលប្រយោជន៍របស់បងប្អូនពីគ្រោះទឹកជំន់នេះ។ លោកថា នេះជាអំណោយតិច របស់ក្រុមហ៊ុន RF3 world cambodia ចែកជូនបងប្អូនក្នុងគ្រាដែលមិនទាន់ប្រកបកិច្ចការបាន ទំរាំទឹកស្រកទៅវិញ ហើយលោកក៏ជូនពរបងប្អូនទាំងអស់ មានសុខភាពល្អបរិបូរណ៍ផងដែរ។

ចំណែកលោក ចេង ឡៃ បានថ្លែងថា ខេត្តពោធិ៍សាត់ រងគ្រោះខ្លាំងជាងគេនៅគេនៅក្នុងគ្រោះទឹកជំនន់នេះ។ អំណោយថ្ងៃនេះគឺជាការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជួយសំរួលការលំបាក របស់បងប្អូន នាពេលនេះបានមួយគ្រា។ លោកថា រាជរដ្ឋាភិបាលមិនបានទុកប្អូនណាម្នាក់ចោលនោះទេ ក្នុងនោះសម្តេចតេជោបានផ្តល់ថវិកាចំនួន១០ម៉ឺនដុល្លារ មកដល់រដ្ឋបាលខេត្ត ដើម្បីដោះស្រាយនិង ឧបត្ថម្ភដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់នេះ។ លោកបន្តថា ពេលបងប្អូនទទួលអំណោយនេះហើយ ត្រូវនឹកឃើញដល់ម្ចាស់អំណោយគឺក្រុមហ៊ុន RF3 World Cambodia ដែលបានជួយបងប្អូនក្នុងគ្រាមានអាសន្ននេះ ហើយលោកថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះក្រុមហ៊ុននិងសមាជិកទាំងអស់ ដែលបានចែករំលែក ក្តីស្រលាញ់តាមរយ: ការចែកអំណោយសប្បុសរធម៍នេះផងដែរ។

សូមជំរាបជូនថា នេះគឺជាបេសកកម្មចុងក្រោយ នៅក្នុងកម្មវិធីសប្បុរសធម៍របស់ក្រុមហ៊ុន RF3 World Cambodia ដែលដឹកនាំដោយអគ្គនាយ វណ្ណ សុភានោ និងលោកស្រី អគ្គនាយិការ ដែលចាប់ផ្តើមពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២០។ កាលពីថ្ងៃទី២០ ខែតុលា ក្រុមការងារសប្បុរសធម៌ បានចែកអំណោយសប្បុរសធម៍នៅខេត្តបន្ទាយជ័យចំនួន ៤៩៩គ្រួសារ ហើយបន្ទាប់មកនៅថ្ងៃទី២១ ខែតុលា បានធ្វើនៅខេត្ត បាត់ដំបងចំនួន២៦០គ្រួសារ និងទៅថ្ងៃទី២៣ ខែតុលា គឺខេត្តពោធិ៍សាត់ចំនួនជាង២៤០គ្រួសារ ដោយមួយគ្រសារទទួលបានអង្ករមួយបេ ១០គីឡូក្រាម ត្រីខមួយយួរ មីមួយកេស ទឹកពិសារបរិសុទ្ឋមួយកេស និងថវិកាមួយចំនួន។

សូមបញ្ជាក់ថា តាមក្រុមហ៊ុន អំណោយទាំងអស់មានជាទឹកប្រាក់សរុប ២១៨៥៤.៣៣ដុល្លារ។ អំណោយទាំងនេះរួមមាន៖ អង្ករ ១១តោន, មី ១១០០កេះ, ត្រីខ ១០០០យួរ, ទឹកសុទ្ធ ១០២០កេះ,
មួយគ្រួសារទទួលបាន២ម៉ឺនរៀល និងជូនអាជ្ញាធរ១២០នាក់ ម្នាក់ៗ២ម៉ឺនរៀល៕