(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។

នៅក្នុងឱកាសចែកអំណោយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៖

* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលចូលរួម និងទទួលស្វាគមន៍នៅថ្ងៃនេះ

* សម្តេចតជោ ហ៊ុន សែន សម្តែងភាពរីករាកដែលបានជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត

* សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងមរណទុក្ខ ចំពោះពលរដ្ឋដែលរងគ្រោះ នៅខេត្តបន្ទាយមានជ័យ ដែលរហូតដល់ពេលនេះមានអ្នកស្លាប់កើនដល់២២នាក់

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការប្រយុទ្ធដើម្បីយកឈ្នះជាមួយទឹកជំនន់ដែលយើងមើលឃើញ យើងនៅតែបន្តប្រយុទ្ធជាមួយកូវីដ១៩ ដែលពិបាកជាងទឹកជំនន់ ព្រោះតែយើងមើលមិនឃើញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ១០ខែមកហើយ ដែលយើងជម្នះប្រយុទ្ធជាមួយកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលំបាកដោយកូវីដ១៩នាពេលនេះ មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ គឺលើពិភពលោក ប្រទេសនានា ក៏មានការលំបាកដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរបានស្ងប់ចិត្តនៅពេលដែលរាជរដ្ឋាភិបាល មន្រ្តីមូលដ្ឋាន ដែលធ្វើសកម្មភាពព្រមៗគ្នាដើម្បីជួយពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរជាថ្មីដល់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ដែលចេញធ្វើសកម្មភាពព្រមៗគ្នា ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតដល់ពេលនេះ ថវិកាសប្បុរសជន ចូលរួមតាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់កើន ដល់ជាង៨លានដុល្លារ ហើយព្រមទាំងបានបញ្ចេញដើម្បីជួយពលរដ្ឋផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធដើម្បីការពារអាយុជីវិតប្រជាជន និងស្តារសេដ្ឋកិច្ចជាតិ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្តារ និងអភិវឌ្ឍតាមជនបទ រាជរដ្ឋាភិបាលបានបង្កើនថវិកាពី១៥០លាន ទៅ១៦០លានដុល្លារ នៅឆ្នាំក្រោយនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកា១៦០លានដុល្លារ នៅឆ្នាំក្រោយនេះ នឹងជួយបង្កើនការងារបាន១លានកន្លែង នៅតាមជនបទ

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ស្រូវពូជ១០០គីឡូ ដល់ពលរដ្ឋដែលរងការខូចខាតក្នុង១គ្រួសារៗ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណែកពលរដ្ឋដទៃដែលមិនមែនជាអ្នកធ្វើស្រែ ក៏អាចទទួលបានពូជដំណាំ៦មុខពីក្រសួងកសិកម្មផងដែរ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករងគ្រោះដោយទឹកជំនន់ ងើបឈរឡើងខិតខំប្រឹងប្រែង ដើម្បីជីវភាព

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគក្មេង ដែលមើលងាយមនុស្សចាស់ បើរាសីមិនដល់ អាចនឹងស្លាប់ខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រឆាំងជាតិ មិនដែលត្រូវជាមួយនាយករដ្ឋមន្រ្តីទេ

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងអ្នកវិភាគ ដែលយករូបសម្តេចទៅវិភាគពេលចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋថ្ងៃមុន ដោយនិយាយថា «សម្តេចជរាពាធ», សម្តេចថ្លែងថាការវិភាគបែបៗនេះ ប្រយ័ត្នស្លាប់មុនសម្តេច

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការបន្តក្រោយចប់ទឹកជំនន់ ក្រសួង៤ដែលត្រូវធ្វើការច្រើនជាងគេ គឺក្រសួងសាធារណការ ក្រសួងអភិវឌ្ឍជនបទ ក្រសួងធនធានទឹក និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកព្រឹទ្ធភា និងតំណាងរាស្រ្ត ក៏ត្រូវធ្វើការបន្តបន្ទាប់ មិនត្រឹមតែក្រសួងពាក់ព័ន្ធនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដបានបំផ្លាញយើងអស់ហើយ ប្រជាពលរដ្ឋត្រូវការពារខ្លួនពីកូវីដ មិនត្រូវទុក្ខចិត្តគ្នាទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងអាចយកឈ្នះកូវីដបាន នៅពេលបុគ្គលម្នាក់ៗចេះប្រុងប្រយ័ត្នការពារខ្លួន តាមរយៈការអនាម័យ

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យអាជ្ញាធរ ជាពិសេសផ្នែកអប់រំ ពិនិត្យមើលសាលាដែលបានលិចលង់ ដើម្បីប្រើប្រាស់ថវិកាជួសជុល ដើម្បីធានាថា កូនសិស្សចូលរៀន ហើយមិនមានគ្រោះថ្នាក់

* សម្តេចតេជោ ហ៊ុន សែន បានអរគុណពលរដ្ឋ ដែលមានការជឿជាក់លើមន្រ្តីរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដល់ពួកគាត់

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បាយមួយកញ្ចប់នៅគោកឋិន បានកើតចេញជាចម្រៀងមួយបទ «អក្ខរាក្នុងបាយកញ្ចប់»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃបាយកញ្ចប់ដាក់ជូនកងទ័ពចេញប្រតិបត្តិការតិចតួចទេ តែតម្លៃទឹកចិត្តធំធេងណាស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះមានករណីវិជ្ជមានកូវីដ១៩ម្នាក់ថែមទៀត និងមានអ្នកជា៣នាក់ផងដែរ ខណៈ៤នាក់កំពុងព្យាបាល

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះពលរដ្ឋលែងខ្លាចកូវីដ១៩ហើយ ទោះបីជាមានការឆ្លង តែពីមុនមិនទាន់មានបញ្ហាអ្វីផង ប្រជាពលរដ្ឋភ័យខ្លាចខ្លាំងណាស់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនានា ដែលបានចូលរួម និងចុះជួបប្រជាពលរដ្ឋជាមួយសម្តេច

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៧៖៤២នាទីព្រឹក ថ្ងៃដដែលនេះ៕