(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឌី សុជាតិ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះដើម្បីទិញស្បៀង-សម្ភារយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»

សូមបញ្ជាក់ថា ក្នុងរយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២២ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស បានសរុបចំនួន ១៥,៨៥៧គ្រួសារ រស់នៅភូមិចំនួន៣៩៦ ឃុំចំនួន១៣៧ ស្រុកចំនួន៥២ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៧,២៦៨គ្រួសារ និងដោយសាខាចំនួន ៨,៥៨៩គ្រួសារ)៕