(កណ្តាល)៖ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ណ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណលោក ពុយ សុខហ៊ង អគ្គនាយកក្រុមហ៊ុន គីម ស៊ានគ្រុប និងសហការីបាននាំយកអំណោយសប្បុរសជន ជូនដល់កាកបាទក្រហមកម្ពុជា និងកងកម្លាំង។

អំណោយទាំងនោះ រួមមាន៖ ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ ១០០យួរ, ទឹកសុទ្ធកម្ពុជា ១០០កេស, មី ១០០កេស, ថវិកា៤លានរៀល (ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល) និងទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ី ១០០យួរ, ទឹកសុទ្ធកម្ពុជា ១០០កេស, មី ១០០កេស, ថវិកា ២លានរៀល (ជូនដល់ស្នងការខេត្តកណ្តាលសម្រាប់ឧបត្ថម្ភដល់កងកម្លាំង)។ អំណោយទាំងនេះ បានប្រគល់ និងទទួលកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងសាខាកាកបាទក្រហមខេត្តកណ្តាល និងនៅស្នងការនគរបាលខេត្តកណ្តាល។

លោក គង់ សោភ័ណ្ណ បានថ្លែងកោតសរសើរដល់លោក ពុយ សុខហ៊ង និងសហការី ដែលមានចិត្តមនុស្សធម៌ជួយដល់សង្គម ដែលបាននាំយកអំណោយមកជូនដល់សាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល ក្នុងអំឡុងពេលដែលលោកកំពុងអំពាវនាវរកសប្បុរសជន ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋដែលមានទុក្ខលំបាក។

ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន និងសហការីផងដែរ ដែលបាននាំយកអំណោយជូនដល់កងកម្លាំងរបស់លោក ដែលកំពុងមមាញឹកចុះអន្តរាគមន៍ និងត្រៀមអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលក្រុមហ៊ុន គីម សានគ្រុប បាននាំយកអំណោយសប្បុរសជនជូនដល់សាខាកាកក្រហមកម្ពុជាខេត្តកណ្តាល និងជូនដល់កងកម្លាំងនគរបាល ខេត្តកណ្តាលនោះ លោក ពុយ សុខហ៊ង និងសហការីតែងតែនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកក្នុងការរស់នៅតាមមូលដ្ឋានមួយចំនួនផងដែរ៕