(កំពង់ឆ្នាំង)៖ ពាក់ព័ន្ធទៅនឹងករណីដែលមានការឈូសឆាយរុករាន ទន្ទ្រានយកដីគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋ នៅចំណុចខ្លុងរលើង ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយដែលត្រូវបានក្រុមចម្រុះ នៃគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ចុះបង្រ្កាប និងឃាត់ចាប់បានគ្រឿងចក្រចំនួន៣គ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ មកដល់ពេលនេះ មន្ត្រីជំនាញមិនទាន់រកឃើញម្ចាស់ដី ដែលបានយកគ្រឿងចក្រចំនួន៥គ្រឿង ចូលទៅឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ អស់ជាង១០ហិកតាខាងលើនេះ ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយនោះទេ។

ករណីនេះមន្រ្តីជំនាញកំពុងប្រមូលភ័ស្តុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។ នេះបើតាមការអះអាងរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ឃើញមានលិខិតរបស់ផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចេញដោយលោក ហោ តារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង២ច្បាប់ ដោយបានអញ្ជើញប្រជាពលរដ្ឋឈ្មោះលោក ជុំ សារ៉េត រស់នៅភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ និងឈ្មោះលោក ម៉ៅ ទិត ប្រជាពលរដ្ឋរស់នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសាកសួរអំពីករណីកាប់រានគាស់រំលើងដីព្រៃ ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក ផ្លុង សាវ៉ាត មេឃុំអញ្ចាញរូង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា ដីរបស់រដ្ឋដែលស្ថិតនៅក្នុងឃុំរបស់លោកខាងលើនេះ គឺតាំងតែពីជំនាន់លោកមេឃុំចាស់មក មិនអាចគ្រប់គ្រងបាននោះទេ។ លោកថា បើចង់ដឹងរឿងរ៉ាវឲ្យច្បាស់ជាងនេះទៅទៀតនោះ លោកឲ្យទៅសួរលោក ឃួន សារ៉ុម ដែលជាអតីតអភិបាល ស្រុកបរិបូណ៌ ហើយបច្ចុប្បន្នជាប្រធានក្រុម ប្រឹក្សាស្រុកបរិបូណ៌។ ចំពោះករណីដែលគ្រឿងចក្រចូលទៅឈូសឆាយដីខាងលើនេះ លោកពុំបានអនុញ្ញាតឱ្យគេធ្វើការឈូសឆាយនោះទេ។ តែបើទោះជាគេបានមកសុំច្បាប់លោក ក៏លោកមិនហ៊ានអនុញ្ញាតឲ្យឡើយ ដូច្នេះលោកមិនដឹងថា តើពួកគេយកគ្រឿងចក្រ មកឈូសឆាយលើដីខាងលើនេះមាន ច្បាប់ទម្លាប់ ឬក៏គ្មាននោះដែរ។

លោក យិន សារិន អភិបាលស្រុកបរិបូណ៌បានប្រាប់អង្គ ភាពព័ត៌មាន Fres News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា រឿងរ៉ាវដីខាងលើនេះលោកពុំបានដឹងទេ ដោយលោកឲ្យទៅសួរខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដោយសារតែលោកទើបតែមកកាន់តំណែងជាអភិបាលស្រុកបរិបូណ៌នេះ ដូច្នេះរឿងរ៉ាវដីធ្លីខាងលើនេះ លោកពុំបានដឹងនោះទេ។

ដោយឡែក លោក អ៉ឹម ផង់ ប្រធានរដ្ឋបាលស្រុកបរិបូណ៌ ដែលលោកបានដឹកនាំការបង្ក្រាប រហូតឈានដល់ការចាប់ឃាត់បានអ៊ិចស្កាវ៉ាទ័រចំនួន៣គ្រឿង ដែលកំពុងតែធ្វើ សកម្មភាពឈូសឆាយ ដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ នៅចំណុចខាងលើ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ បានប្រាប់ថា ទីតាំងដី ដែលត្រូវបានគេយកគ្រឿងចក្រមកឈូសឆាយនៅម្តុំចំណុចនេះ កាលពីឆ្នាំ២០១២ លោកបានចុះទៅជាមួយនិស្សិតដើម្បីធ្វើការវាស់វែងដីជូនប្រជាពលរដ្ឋនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ចំណែកដីដែលមានទំហំ ៦៤ហិកតានៅចំណុចដែលគេកំពុង តែធ្វើការឈូសឆាយនេះ ហើយដីនេះត្រូវបានរក្សាទុកជាដីគម្របព្រៃឈើឆ្នាំ២០០២របស់រដ្ឋ ដោយមិនមានការវាស់វែងជូនប្រជាពលរដ្ឋនោះឡើយ។

លោកបានប្រាប់ឲ្យដឹងទៀតថា ចំពោះករណីដែលគេបានដាក់គ្រឿងចក្រចូលទៅឈូសឆាយដីគំរបព្រៃឈើឆ្នាំ២០០២ របស់រដ្ឋខាងលើនេះ លោកក៏មិនបានដឹងថាតើ គេចូលទៅឈូសឆាយបានដោយរបៀបណា ហើយតាំងពីពេលណានោះទេ រីឯទំហំនៃការឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋនេះ បើលោកធ្វើការប៉ាន់ស្មាននោះ គឺអស់ប្រមាណជាជិតពាក់កណ្ដាល នៃទំហំដីសរុបចំនួន ៦៤ហិកតា ដូច្នេះការឈូសឆាយខាងលើនេះ គឺអស់ប្រមាណជាង ៣០ហិកតាឯណោះ។

ជុំវិញករណីខាងលើនេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា ករណីនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កំពុងតែកសាងសំណុំរឿងបញ្ជូនមកឱ្យលោកហើយ ចំណែកគ្រឿងចក្រលោកបានឲ្យរក្សាទុកនៅសង្កាត់រដ្ឋបាលស្រុកបរិបូណ៌ជាបណ្ដោះអាសន្នសិន ដោយសារតែផ្លូវឆ្ងាយពិបាកក្នុងការដឹកជញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង៕