(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃសុក្រ ៧ កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០ អមដំណើរដោយលោកស្រី អស់លោក ជា ថ្នាក់ ដឹក នាំក្រសួង និងអាជ្ញាធរខណ្ឌដង្កោ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខមន្រ្តីរាជការ ចំនួន១១នាក់ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិសាស្រ្ត បុរីពិភពថ្មី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពេលជួបសួរសុខទុក្ខនោះ លោករដ្ឋមន្រ្តីបានសម្តែងនូវសមានចិត្តអាណិតអាសូរដល់មន្រ្តីទាំងអស់ ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាជៀសឲ្យ ផុតពី គ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងបណ្តាលមកពីទឹកជំនន់។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានឧបត្ថម្ភថវិកា ដែលបានមកពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្នុងនោះមន្រ្តីរងគ្រោះទឹកលិចដល់ដំបូលផ្ទះ ចំនួន២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១,២លានរៀល មន្រ្តីរងគ្រោះទឹកលិចត្រឹមចង្កេះចំនួន៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១,១លានរៀល និងមន្រ្តីរងគ្រោះ ទឹកលិចត្រឹមជង្គង់ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៩០ម៉ឺនរៀល។

ដោយឡែកមន្រ្តីមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យ ចំនួន១នាក់ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែរនោះ ក្រុមការងាររបស់ក្រសួងនឹងចាត់ចែងរៀបចំឧបត្ថម្ភជូននៅពេលខាងមុខ៕