(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រុមសប្បុរសជន និងឧកញ៉ាវ័យក្មេងចំនួន៨រូប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១,០០០គ្រួសារ ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនោះសរុបជាទឹកប្រាក់ ៨ម៉ឺនដុល្លារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។

លោកឧកញ៉ា នួន អក បានបញ្ជាក់ឲ្យដឹងថា ការចែកជូនអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋនេះ គឺយោងតាមអនុសាសន៍ និងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ជួយគ្នាក្នុងគ្រាមានអាសន្ន» ទើបក្រុមលោកឧកញ៉ាវ័យក្មេងសរុបទាំងអស់៨រូប នាំគ្នាចុះយកអំណោយមកចែកដោយផ្ទាល់នេះនៅថ្ងៃនេះ។

សកម្មភាពខាលើមិន មែនជាលើកទី១ឡើយ របស់ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនេះ កន្លងមកអ្នកជំនួញវ័យក្មេងនៃក្រុមមួយនេះ តែងតែចុះធ្វើកិច្ចការសប្បុរសធម៌ជាច្រើនលើកមកហើយ។

លោកឧកញ៉ាទាំង៨រូប បានជម្រាបជូនពលរដ្ឋឲ្យស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលនាំឲ្យស្រុកទេសមានការរីកចំរើន ដ្បិតពេលនេះមានគ្រោះធម្មជាតិមែនពិត ប៉ុន្តែមើលឃើញថា ថ្នាក់ដឹកប្រទេសជាតិ មានការខ្នះខ្នែងខ្លាំងណាស់បារម្ភ និងបានជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដូច្នេះសូមប្រជាជនត្រូវតែបង្កើនក្ដីស្រលាញ់ចំពោះសម្ដេចតេជោ និងគណប្រជាជនកម្ពុជាជារៀងរហូត។

ក្នុងឱកាសនោះដែរលោកឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group បានថ្លែងថា ដោយសារតែកម្ពុជាបានទទួលនូវឥទ្ធិពល ខ្យល់ព្យុះពីប្រទេសវៀតណាម ដែលបានបណ្ដាលឲ្យទឹកភ្លៀងជន់លិចនៅតំបន់មួយចំនួន និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន «ជួយគ្នាក្នុងគ្រាមានអាសន្ន» លោកឧកញ៉ា និងសមាជិក T.O.I.C Group ទាំងអស់ បានរួមសាមគ្គីគ្នា រៃអង្គាសថវិកាបានមួយចំនួនដើម្បីទិញសម្ភារ និងស្បៀងអាហារមកចែកជូនបងប្អូន ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ លោកឧកញ៉ាបានថា កន្លងមកក្រុម T.O.I.C Group ក៏ធ្លាប់បាននាំយកអំណោយមនុស្សធម៌ ទៅចុះចែកនៅតាមបណ្ដារខេត្តមួយចំនួនរួចហើយផងដែរ ដូចជា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្ដាល និងពោធិ៍សាត់។

សូមបញ្ជាក់ថា ឧកញ៉ាវ័យក្មេងទាំង៨រូបនោះរួមមាន៖

*ទី១៖ ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group
*ទី២៖ ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា
*ទី៣៖ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
*ទី៤៖ ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប
*ទី៥៖ ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង
*ទី៦៖ ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
*ទី៧៖ ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM
*ទី៨៖ ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចុះជួប និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គឺនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យចំនួន៤ទីតាំងរួចទៅហើយ ក្នុងនោះមាននៅក្រុងប៉ោយប៉ែត ស្រុកសិរីសោភណ្ឌ ស្រុកថ្មពួក និងស្រុកមង្គលបុរីផងដែរ។

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៩នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាពជាង៣ពាន់គ្រួសារ និងធ្វើឱ្យខូចខាតដំណាំកសិកម្ម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។

ទីណាដែលប្រជាជនជួបការលំបាក ទីនោះតែងតែមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយសម្តេចមិនមានទម្លាប់រត់ចោលប្រជាជនដែលជួបការលំបាកនោះទេ។ នេះជាអ្វីដែលសម្តេចបានប្រកាស ក្នុងពេលចុះជួបប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយត្រូវបានបង្ហាញជាក់ស្តែង ក្នុងសកម្មភាពជាង៣១ឆ្នាំមកនេះ៕