(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជិត៤០០លានដុល្លារ។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

១៖ LUENTEC TEXTILE SOLUTIONS CO., LTD គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២៦៨កន្លែង។

២៖ LECROWN SHOES INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិ លេខ៦ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,២៤៣កន្លែង។

៣៖ C.F.C GARMENT PTY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវៀលស៊ុន អគារ B ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៧២កន្លែង។

៤៖ ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព២៦៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន២៩៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២២០កន្លែង។

៥៖ ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៩កន្លែង។

៦៖ SUNENERGY TECHNOLOY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១៥៥កន្លែង៕