(បាត់ដំបង់)៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៦០គ្រួសារបន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីជាការចូលរួមចែករំលែកក្តីអាណិតស្រឡាញ់ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការជំនួយ ជួយសម្រាលការលំបាក ស្របពេលដែលពួកគាត់កំពុងតែលិចលង់ ដោយគ្រួសារនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា ផងដែរ។

ថ្លែងក្នុងឱកាសជួបសួរសុខទុក្ខលោកស្រី បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោកស្តាយការខូចខាតបាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។ តែទោះជាយ៉ាងណា សម្តេចទាំងទ្វេនៅតែបន្តជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ពេលវេលា ដោយមិនទុក្ខនរណាម្នាក់ចោលឲ្យស្លាប់ដោយអត់អាហារនោះទេ។

លោកស្រីបានថ្លែងថា សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តបង្កបង្កើនផលទៀត បន្ទាប់ពីទឹកស្រក និងសូមឲ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងរស់នៅមាន អនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ និងចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក និងសូមចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល។

លោកស្រីបានកោតសសើរចំពោះកងកម្លាំងគ្រប់ប្រភេទរួមមាន៖ កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស ប៉េអឹម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សមួយនេះ និងសូមថ្លែងអំណគុណដល់បណ្តាសប្បរសជន ទាំងក្នុងនិងក្រៅប្រទេស តែងតែជួយឧបត្ថម្ភ គាំទ្រដល់កងទ័ព និងសមាគម TYDA នូវសម្ភារប្រើប្រាស់ស្បៀងអាហារ សម្រាប់ជូនដល់ជនរងគ្រោះ។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅ ចំពោះម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលុង ពីគ្រោះទឹកជំនន់នេះ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុម ប្រឹក្សាភិបាល នៃសមាគម TYDA ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការនាំយកអំណោយទាំងនេះ ប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដោយមិនគិត ពីការនឿយហត់ ទោះបីផ្លូវធ្វើដំណើរលំបាកយ៉ាងណា ឲ្យតែបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន ឲ្យបានទាន់ពេលវេលា។

គួរបញ្ជក់ថា នៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកនាំយកទឹកភ្លៀង ពីបណ្តាប្រទេសផ្សេងៗ ដែលបង្កឲ្យមានការជន់ ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាង២សប្តាហ៍មកហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងជីវភាពរស់របស់ប្រជាពលរដ្ឋ៕