(ស្វាយរៀង)៖ លោកស្រី មឺន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។

ការអំពាវនាវរបស់លោកស្រី មឺន មាណវី បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពិធីរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាង លោក ម៉ែន វិបុល អភិបាលអភិបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សរុបអ្នកចូលរួមចំនួន ១២០នាក់។

ជាមួយគ្នានេះដែរ លោកស្រី មឹន មាណវី បានកោតសរសើររដ្ឋបាលខេត្តស្វាយរៀង ជាពិសេសសមាជិកសមាជិកា នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ដែលមានលោក អភិបាលខេត្ត ជាប្រធានដែលបាមនខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មនេះ។

យ៉ាងណាមិញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីព្រួយបារម្ភ ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត មិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើន ប្រការនេះទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ នេះជាការបញ្ជាក់បន្ថែមរប ស់លោកស្រីរដ្ឋលេខាធិការ។

បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវចៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឫស្សី និងបង្កជាបញ្ហាដល់សង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដែលបានជន់លិចក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន។

លោកស្រី មឹន មាណវី ក៏បានក្រើនរំឮកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទ ត្រូវត្រួតពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។

បើតាមលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា លទ្ធផលការងារនៃក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង រយៈពេល ០៩ខែ ឆ្នាំ២០២០ អនុវត្តសម្រេចបានដូចតទៅ៖

* ការងារចុះបញ្ជីយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មសរុបចំនួន ១០,៣៤៤គ្រឿង។
* ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ៥,៧១១គ្រឿង។
* ការងារប្រលងយកបណ្ណបើកបរយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ១៨,៥៩៦បណ្ណ។
* ការងារចុះត្រួតពិនិត្យសាខាសាលាបង្រៀនបើកបរយានយន្ត និងផ្តល់ច្បាប់អនុញ្ញាតិ ធ្វើអាជីវកម្ម សរុបចំនួន ១០ សាខា ។
* ការងារចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃតំឡើងយានយន្ត និងផ្តល់លិខិតអនុញ្ញាតិធ្វើអាជីវកម្ម សរុបចំនួន ៦១យានដ្ឋាន។

ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល ០៩ខែ ឆ្នាំ២០២០ កើតឡើងសរុបចំនួន ១០៤លើក បណ្តាលឱ្យមនុស្សរងគ្រោះសរុបចំនួន ១៧៨នាក់ (ខូចខាតយានយន្តសរុប ១៦៨គ្រឿង) បើប្រៀបធៀបទៅនឹងរយៈពេល ០៩ខែ ឆ្នាំ២០១៩ គឺថយចុះចំនួន ១២៩នាក់ ស្មើនឹង ៤២%៕