(ព្រះវិហារ)៖ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ រស់នៅតាមបណ្តារាជធានី-ខេត្តកំពុងតែប្រឈម និងបញ្ហាគ្រោះទឹកជំនន់នោះ គេសង្កេតឃើញវត្តមានរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំមន្ត្រីក្នុងជួររាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឲ្យផុតពីគ្រោះថ្នាក់ ក៏ដូចជាចែកអំណោយជាស្បៀងអាហារ ជូនប្រជាពលរដ្ឋផងដែរ។

ដោយឡែក នៅខេត្តព្រះវិហារនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារតំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត, លោក សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក សួស យ៉ារ៉ា, លោក កង សៅគុណ ប្រធានក្រុមការងារខេត្តចុះជួយស្រុកជ័យសែន, លោក រស់ ហេង អភិបាលស្រុកជ័យសែន បានដឹកនាំក្រុមការងារ នាំអំណោយលោក សូស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងលោកស្រី មានសម្ភារ និងថ្នាំពេទ្យមួយកញ្ចប់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៨០គ្រួសារនៅក្នុងឃុំតស៊ូ និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សួស យ៉ារ៉ា និងលោកស្រី ដែលជានិច្ចជាកាល លោកតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហាររបស់យើង ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ដោយទឹកជំនន់ ខ្យល់កន្ត្រាក់...ជាដើម។

លោកថា ជាក់ស្តែងថ្ងៃនេះ ដោយពិនិត្យឃើញបងប្អូន យើងរងគ្រោះដោយទឹកជំនន់ លោក សួស យ៉ារ៉ា ទោះលោកមិនបានមកជូនដោយផ្ទាល់ ក៏លោកចាត់តំណាងមកជំនួសដែរ។

លោក អ៊ុង វុទ្ធី ក៏បានថ្លែងជម្រាបបងប្អូនប្រជាពលរដ្ឋ ពីស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ ដែលរហូតមកដល់ពេលនេះ មិនទាន់មានបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែកន្លែងខ្លះមានលិចផ្លូវ លិចផ្ទះបន្តិចបន្ទួចមែន។

លោកថា ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណ គឺលោកបានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងមធ្យោបាយ និងសម្ភារសម្រាប់សង្គ្រោះប្រជាពលរដ្ឋ ក្រុងករណីមាន ទឹកជំនន់កើតឡើង ក្នុងទិសដៅមិនឲ្យបងប្អូនណាម្នាក់ រងគ្រោះដោយទឹកជំនន់នោះទេ។ ហើយប៉ុន្មានថ្ងៃមុននេះ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏លោកបានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ផងដែរ។

លោក អ៊ុង វុទ្ធី ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពោលគឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីចៀសវាងពីជំងឺផ្សេងៗ។ ពិសេសត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស់ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង ហើយពេលទឹកស្រកវិញ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជិវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕