(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៥០០គ្រួសារ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោក ស សុខា និងលោកស្រី បាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ តង់ ថ្នាំពេទ្យ និងអាវយឺត ចែកជូនដល់ប្រជាពលរដ្ឋទាំង៥០០គ្រួសារ ដែលក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ១បាវ មីជាតិ ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ អាវយឺត ១ និងថ្នាំពេទ្យ ១កញ្ចប់។

ថ្លែងសារនៅក្នុងឱកាសនោះ លោក ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង៥០០គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ និងជំងឺផ្សេងៗ ដោយចូលរួមអនុវត្តចំណុចមួយចំនួនដូចខាងក្រោម៖

*ទី១៖ បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា សមាជិកគ្រួសារ ពិសេសកុមារ ចាស់ជរា និងជនពិការពីគ្រោះថ្នាក់ដោយសារលង់ទឹក
*ទី២៖ ដើម្បីចៀសវាងជំងឺផ្សេងៗដូចជា ជំងឺរាក មួល ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺដទៃផ្សេងទៀត ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ រឺទឹកដាំពុះ រឺប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន រឺក្លរ៉ាមីន
*ទី៣៖ ដំណាលគ្នានឹងការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ក៏ត្រូវតែយកចិត្តទុកដាក់បន្តការថែរក្សា សុខភាព ក៏ដូចជា បង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវតែអនុវត្តតាម វិធានការណែនាំរបស់ ក្រសួងសុខាភិបាល
*ទី៤៖ បញ្ឈប់រាល់សកម្មភាពឆ្លងដែនជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាគ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់
*ទី៥៖ ចំពោះបងប្អូនដែលមានបញ្ហាខ្វះខាតផ្នែកជីវភាពទាំងអស់ ជាពិសេសក្នុងដំណាក់កាល នៃការរីករាល នៃជំងឺកូវីដ-១៩នេះ សូមរាយការណ៍ ឬផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីលោកអាចជួយអន្តរាគមន៍ផ្តល់ជំនួយឧបត្ថម្ភសម្រាលដល់ជីវភាពបានទាន់ពេលវេលា
*ទី៦៖ សូមបង្កើនការប្រុងប្រយ័ត្ន និងការពារពីគ្រោះថ្នាក់ ដែលអាចកើតឡើងដោយសត្វអសិរពិសផ្សេងៗ។ បើមានកើតឡើង សូមបងប្អូនបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជាបន្ទាន់ ឬទាក់ទងទៅអាជ្ញាធរដែនដី ប្រសិនបើខ្វះមធ្យោបាយទៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំងដូចនឹងថ្ងៃទី២១ និង២២ ខែតុលា ផងដែរ។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។

មុននឹងការរៀបចំពិធីសំណេះសំណាលមកដល់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងយុវជន យុវតី ជាសិស្សានុសិស្សជាច្រើននាក់ បាននិងកំពុងសស្រាក់សស្រាំក្នុងការរៀបចំចាត់ចែងរោងកៅអី និងការលើកដាក់សម្ភារៈជាអំណោយ មានដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ និងកន្ទេល ភួយ មុងជាដើមទៅតាមទីតាំងកៅអី៕