(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអង្ករចំនួន៨០តោន ដែលជាការឧបត្ថម្ភរបស់លោក TAING LAK HAV ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ដោយអំណោយទាំងនោះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃការចែករំលែក និងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានលើកឡើងថា អំណោយឧបត្ថម្ភដ៏សប្បុរសធម៌នេះ គឺជាកាយវិការដ៏ឧត្តុងឧត្តមមួយ ពីសំណាក់សមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ហើយនេះក៏ជាសក្ខីកម្មបង្ហាញអំពីស្មារតីរួមចំណែក ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។

ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានលើកឡើងទៀតថា ជានិច្ចជាកាលវិស័យឯកជន តែងតែជួយឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ជាក់ស្តែងនៅថ្ងៃនេះ សមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា បានជួយឧបត្ថម្ភអង្ករ ចំនួន៨០តោន ជូនដល់អគ្គស្នងការដ្ឋានននគរបាលជាតិ ដើម្បីមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

ក្នុងឱកាសនោះ ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសសធម៌ពីសំណាក់លោក TAING LAK HAV ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា ដែលបានជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគទាំងនេះដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕