(សៀមរាប)៖ កុលាលភាជន៍ចំនួន ១៩ ថ្មដុសថ្នាំចំនួន ២ អង្រែកិនថ្នាំ ១ និងបំណែកលុលាលភាជន៍ចំនួន ៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើ ប្រាសាទព្រះខ័ន កាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍ និងថ្មកិនថ្មាំដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយចំនួន ១,៧០០ ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។

វត្ថុបុរាណទាំងអស់នេះស្ថិតនៅរាយប៉ាយពីគ្នាក្នុងជម្រៅ ១ ម៉ែត្រជាង។

ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សាទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឮពីនគរបាលបេតិកភណ្ឌជាសាក្សី។

ចំពោះកិច្ចអភិរក្សវត្ថុបុរាណទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់សិក្សាស្រាវជ្រាវពីប្រវត្តិបន្ថែមទៀត៕