(ស្ទឹងត្រែង)៖ កម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បង្ក្រាបបានគ្រឿងញៀនជាង៤០កញ្ចប់ ក្នុងទម្ងន់ប្រមាណជាង២០គីឡូក្រាម នៅគ្រាបើកការយាមល្បាត ដើម្បីពង្រឹងសន្តិសុខ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ។

គ្រឿងញៀនជាង ៤០កញ្ចប់ ត្រូវបានក្រុមឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសជិតខាង ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ១ខ្សែ ក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ។

ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏បានឲ្យកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែន ឲ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកក្នុងប្រទេសកម្ពុជា៕