(បន្ទាយមានជ័យ)៖ ទំនប់អូរខៃដន គឺជាទំនប់ស្ទាក់ទឹកដ៏ធំមួយនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទាញយកទឹកផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត។

ទឹកទំនប់នេះ ក៏ត្រូវបានវិនិយោគបន្ថែមដោយលោកឧកញ៉ា កុក អាន ដើម្បីទាញយកទឹកទៅផលិតជាទឹកស្អាតបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ដោយសារតែទឹកហូរធ្លាក់ពីប្រទេសថៃ និងទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យផង បានធ្វើឱ្យទំនប់អូរខៃដនមិនអាចទ្រទ្រង់នឹងវិសាលភាពទឹករាប់លានម៉ែត្រគូបនោះបាន ក៏ត្រូវបានបាក់កាលពីទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ ការបាក់ទំនប់អូរខៃដននេះ បានធ្វើឱ្យទឹកហូរចេញពីទំនប់ទៅលិចលង់ស្រែស្រូវ និងផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសុរិយា និងភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត។

ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងសង្កាត់និម្មិតនោះឡើយ ដោយសារសង្កាត់នេះស្ថិតនៅផ្នែកខាងលើ ឆ្ងាយពីអូរ និងត្រូវបានទប់ដោយទំនប់អូរខៃដន។ ទឹកធ្លាក់ពីថៃ និងទឹកភ្លៀងជនលិចតែផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមដងអូរក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែតប៉ុណ្ណោះ។

ប្រជាពលរដ្ឋម្នាក់ដែលរងការជន់លិចមកពីភូមិកូនដំរី សង្កាត់និម្មិត បានប្រាប់ Fresh News ថា ទឹកនៅទំនប់អូរខៃដននេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ។ វាមិនត្រឹមតែផ្តល់ជាប្រភពទឹកស្អាតនោះទេ ប្រជាពលរដ្ឋក៏អាចទាញយកទឹកនេះ ទៅស្រោចស្រប់ផលដំណាំ ហើយក៏អាចរកត្រីនៅក្នុងទឹកទំនប់នេះបានផងដែរ។

ប្រជាពលរដ្ឋរូបនេះ បានអះអាងថា ទំនប់នេះបច្ចុប្បន្នរៀបចំគ្រឹះទំបន់បានល្អហើយ តែនៅមានកម្រិតនៅឡើយ។ ប្រជាពលរដ្ឋរងការលិចលង់ដោយទឹកហូរចេញពីទំនប់អូរខៃដនរូបនេះ ចង់ឱ្យមានការកែលំអរទំនប់នេះឱ្យកាន់តែរឹងមាំ ឬរៀបចំប្រឡាយបង្ហូរទឹកជាដើម ដើម្បីការពារការបាក់ទំនប់នាំឱ្យរងគ្រោះពលរដ្ឋនៅផ្នែកខាងក្រោម។

លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ ធ្លាប់បានប្រាប់ Fresh News ដែរថា រាជរដ្ឋាភិបាល ក៏កំពុងគិតគូរពីការវិនិយោគនៅទំនប់នេះផងដែរ ដោយរៀបចំជាប្រព័ន្ធបង្ហូររំដោះទឹកជាដើម។ តែដោយសារតែគម្រោងនេះត្រូវប្រើប្រាស់ថវិកាច្រើន ទើបមិនទាន់មានដំណើរការគម្រោងនៅឡើយ៕