(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំងដូចនឹងថ្ងៃទី២១ និង២២ ខែតុលា ផងដែរ។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។

មុននឹងការរៀបចំពិធីសំណេះសំណាលមកដល់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងយុវជន យុវតី ជាសិស្សានុសិស្សជាច្រើននាក់ បាននិងកំពុងសស្រាក់សស្រាំក្នុងការរៀបចំចាត់ចែងរោងកៅអី និងការលើកដាក់សម្ភារៈជាអំណោយ មានដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ និងកន្ទេល ភួយ មុងជាដើមទៅតាមទីតាំងកៅអី។

លោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានប្រាប់ Fresh News ពេលកំពុងដឹកនាំចាត់ចែងរៀបចំរោង តុកៅអី និងស្បៀងអាហារជាអំណោយនោះថា ប្រជាពលរដ្ឋដែលមកជួបសំណេះសំណាល និងទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នៅទីតាំងក្នុងស្រុកម៉ាឡៃជាទីតាំងទីពីរនេះ មានចំនួន ៥ពាន់គ្រួសារ។ ក្នុងនោះពលរដ្ឋ ៤,៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកម៉ាឡៃផ្ទាល់ និង ៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត។

ដើម្បីធ្វើឱ្យកម្មវិធីសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពរបស់សម្តេចតេជោប្រព្រឹត្តដោយភាពល្អប្រសើរនោះ ទាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមយុវជន យុវតីជាសិស្សានុសិស្ស បានសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរៀបចំរោង កៅអី និងសម្ភារៈជាអំណោយ។ អ្នកខ្លះដំឡើងរោង អ្នកខ្លះរៀបចំកៅអី ជូតកៅអី អ្នកខ្លះលីអង្ករ អ្នកខ្លះលើកទឹកសុទ្ធ អ្នកខ្លះលើកមី អ្នកខ្លះលើកទឹកត្រី និងទឹកស៊ីអ៉ីវជាដើម។

សកម្មភាពរៀបចំនៅទីតាំងពិធីមើលទៅមានសភាពមមាញឹក និងក្រោមស្មារតីទទួលខុសត្រូវគ្រប់ៗគ្នា។ បើទោះបីថាការងាររៀបចំមើលទៅមានការមមាញឹក និងនឿយហត់តែទាំងអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងក្រុមយុវសិស្សសុទ្ធតែបានបង្ហាញស្នាមញញឹមក្នុងសកម្មភាពដែលជាប្រយោជន៍ និងរំលែកការលំបាករបស់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។

យុវតី ជន ស្រីខួច បានរៀបរាប់ថា ថ្ងៃនេះរូបនាងបានសម្រាកពីការសិក្សា ដើម្បីជួយរៀបចំអំណោយដាក់តាមទីតាំងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ស្រីខួច បានជួយលើកមី លើកទឹកសុទ្ធ និងទឹកត្រីដាក់តាមកៅអី។ ស្រីខួច បានលើកឡើងថា ការងារនេះធ្វើឱ្យរូបគេហត់បន្តិច តែក៏មានភាពសប្បាយរីករាយ និងសេចក្តីសុខផងដែរ ពេលបានធ្វើសកម្មភាពមនុស្សជួយដល់ពលរដ្ឋរងគ្រោះ។

យុវជនម្នាក់ទៀត ដែលកំពុងជួយរៀបចំអំណោយជូនពលរដ្ឋរងគ្រោះដែរនោះ ក៏មានអារម្មណ៍មិនខុសពី ស្រីខួច ផងដែរ។ យុវជន ជាង សុភា បានលើកឡើងថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម និងមនុស្សធម៌នេះជារឿងល្អណាស់។ សុភា ក៏ចង់ឃើញយុវជនកាន់តែច្រើនចេះចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។ ប្រជាពលរដ្ឋសរុបជិត ៤ម៉ឺនគ្រួសារ បានទទួលរងគ្រោះ និងទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋ ២២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក និងឆក់ចរន្តអគ្គិសនីជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជារឿងសំខាន់នោះ បានសម្រេចធ្វើដំណើរចម្ងាយជាង ៤០០គីឡូម៉ែត្រ ចុះមកកាន់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ ដើម្បីបានសួរសុខទុក្ខ រំលែកការលំបាក និងផ្តល់ស្បៀងអាហារជូនដល់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានជួបប្រជាពលរដ្ឋពីរថ្ងៃរួចមកហើយ គឺនៅថ្ងៃទី២១ និង២២ ខែតុលា។ រយៈពេលពីរថ្ងៃនេះ សម្តេចតេជោ បានចែកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២ម៉ឺនគ្រួសារ នៅក្នុងស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។

នៅចំពោះមុខពលរដ្ឋរងគ្រោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងរូបសម្តេច ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលតែងប្រកាន់ឥរិយាបថរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរាល់ពេលមានការលំបាក ឬជួបគ្រោះអាសន្នផ្សេងៗ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចមិនមែនជាមេដឹកនាំទម្លាប់រត់ចោលប្រជាពលរដ្ឋនៅពេលមានទុក្ខនោះឡើយ៕