(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន កំពុងធ្វើឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់នូវមុខមាត់ ហ្គ្រេន ភ្នំពេញ ស៊ីធី ក្រោយទទួលបានសិទ្ធិអភិវឌ្ឍគម្រោងនេះ។

លក្ខណៈកែប្រែគួរឲ្យកត់សម្គាល់មានដូចជាវិថីចូល ហ្គ្រេន ភ្នំពេញ ស៊ីធី និងវិថីក្នុងគម្រោង។

ជីប ម៉ុង លែន កំពុងកែលម្អវិថី និងមហាវិថីចំនួន១២ខ្សែ ដែល៣ខ្សែមានទទឹង១៨ម៉ែត្រ និង៩ខ្សែទៀតមានទទឹង៨ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ក្នុងគម្រោងឲ្យកាន់តែល្អប្រសើរ សម្រាប់ទាំងយានយន្ត និងថ្មើរជើង។ កាន់តែពិសេស ផ្លូវក្នុងគម្រោងអមសងខាងដោយផ្លូវថ្មើរជើងធំទូលាយ មានសួនច្បារ និងដើមឈើធំៗ។

ទន្ទឹមនឹងនេះ ជីប ម៉ុង លែន បានវិនិយោគទឹកប្រាក់ជាង១លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកែលម្អសោភ័ណភាពទីលានវាយកូនហ្គោល ដោយបានទិញយកសម្ភារៈបរិក្ខាទំនើបៗមានដូចជាឡានកូនហ្គោល (Golf Cart) ម៉ាស៊ីនកាត់ស្មៅ និងសម្ភារទំនើបៗជាច្រើនទៀត ដើម្បីថែទាំទីលានវាយកូនហ្គោល កែលម្អសោភ័ណភាព Club House ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរជូនភ្ញៀវផងដែរ។

ជីប ម៉ុង លែន ក៏បានផ្តោតលើការអភិវឌ្ឍបៃតងក្នុងគម្រោង ដែលនឹងមាន Central Park ដែលជាឧទ្យានដ៏ធំ ផ្តល់ជូនសហគមន៍រស់នៅក្នុង ហ្គ្រេន ភ្នំពេញ ស៊ីធី ភាពបៃតង ដើមឈើធំៗ ដែលផ្ដល់ម្លប់ដ៏ ត្រឈៃ កន្លែងហាត់ប្រាណ និងសួនកុមារ ស្រស់ស្រាយពេញ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត ហ្គ្រេន ភ្នំពេញ ស៊ីធី មានទីលានវាយហ្គោលស្តង់ដារអន្តរជាតិ១៨ឡូ គ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងស្រស់។

កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញ កសាងមហាវិថីមួយប្រវែង៥,៨៦គីឡូម៉ែត្រ និងទទឹង៣០ម៉ែត្រខាងមុខគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលងាយក្នុងការធ្វើដំណើរទៅកាន់ផ្សារទំនើបៗក្នុងតំបន់នោះ ដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ រង្វង់មូលកាំកូស៊ីធី និងស្ពានជ្រោយចង្វារជាដើម។

ជីប ម៉ុង លែន បន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ឲ្យបានល្អប្រសើរបំផុត ដើម្បីផ្តល់ជូនសហគមន៍រស់នៅដែលល្អបំផុតប្រកបដោយភាពកក់ក្តៅ ព្រមទាំងផ្សារភ្ជាប់នឹងធម្មជាតិ៕