(បាត់ដំបង)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់ ចំនួន១០០គ្រួសារ រស់នៅភូមិចំនួន៧ ក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងបរិវេណវត្តព្រែហ្លូង។

នាឱកាសជួបសំណេះសំណាលនាពេលនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានោះ លោកបណ្ឌិត បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនជនរួមជាតិថា៖

*ទី១៖ សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារី នៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។

*ទី២៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់ៗគ្នា ដូច្នេះ សូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេល
វេលា និងថវិកាក្នុងការព្យាបាលជំងឺ។

*ទី៣៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបាន ទៅរស់នៅតាមដំបូលផ្ទះ ឬកន្លែងផ្សេងៗ ក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

*ទី៤៖ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប ទឹកបរិសុទ្ធវីឃែ ចំណុះ២០លីត្រ១ធុង និងក្រមា១ផងដែរ៕