​(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានក្រើនរំឭក និង​ណែនាំ​ដល់​អង្គ​ភាព​​នគរ​បាល​​ ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌ​ទាំង១២ ពីការ​ត្រៀមរៀបចំ ពង្រាយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ និងចុះអប់រំប្រជាពលរដ្ឋ ពី​កត្តាហានិភ័យនៃ​ភ្លើងធូប ទៀន ក្នុងឱកាស​ពិធីបុណ្យ​ ចូល​ឆ្នាំប្រពៃ​ណី​ចិន និងវៀតណាមនេះ ។

លោក ឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំពីការត្រៀម បង្ការ និងពន្លត់អគ្គិសនី ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃ​ណី​ចិន វៀតណាម នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក នេត វន្ថា ប្រធាននាយកដ្ឋាន បង្ការ និងពន្លត់អគ្គីភ័យ នៃក្រសួងមហាផ្ទៃ មន្ត្រី​រាជការពាក់ព័ន្ធ​ក្រោមឱវាទ សាលារាជធានីភ្នំពេញ និងតំណាងអាជ្ញាធរទាំង១២ខណ្ឌ នៅថ្ងៃទី០៥ កុម្ភៈ​២០១៦​នេះ ។

លោក ឃួង ស្រេង បានណែនាំឲ្យអង្គ​ភាព​​នគរ​បាល ​​ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌ​ទាំង​១២ អនុវត្តសកម្មភាពត្រៀមបង្ការ ប្រកបដោយស្មារតីខ្ពស់ ដើម្បីបម្រើដល់ សុវត្ថិភាព និងជំ​នឿ​ទុកចិត្ត ដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចុះអប់រំ និងផ្សព្វផ្សាយ​នៅ​តាម​ផ្សារ និងកន្លែង​កម្សាន្ដ​សប្បាយ ពីការបង្ការអគ្គិភ័យ និងរក្សាសន្តិសុខ សុវត្ថិភាពត្រូវ​ប្រុង​ប្រយ័ត្ន ក្នុង​ការអុជ​ទៀន​ធូប ក្រ​ដាស​សែន ភ្លើងចង្ក្រាន និងចរន្ដអគ្គិសនី​ ដែលអាចបង្ក​ឲ្យមាន​អគ្គិ​ភ័យ​កើតឡើង​ ជាយថាហេតុ។

បើតាមតំណាងអង្គភាព នគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំចិន វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ អង្គ​ភាព​​ត្រៀម​ពង្រាយ រថយន្តចំនួន៤៨គ្រឿង ដោយពង្រាយ៨គោលដៅធំៗ នៅទូទាំងរាជធានី។ នៅតាម​គោលដៅនីមួយៗ មានរថយន្ត២គ្រឿងនៅប្រចាំការ ហើយគោល​ដៅ​ទាំង​នោះ​​មានដូចជា​ សាលា​ខណ្ឌ​សែនសុខ ខណ្ឌពោធិសែនជ័យ នាយកដ្ឋានអង្គរក្ស និងអធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក។

ក្នុង​ឱកាស​ពិធី​បុណ្យ ​ចូលឆ្នាំចិនខាងមុខដែរ សាលារាជធានីភ្នំពេញ ក៏បានចេញ​លិខិត ហាម​មិន​​ឲ្យសាធារណជនដុតផាវ និងកាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។ ជាមួយគ្នានេះ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បី​ដុត និងហាមដាច់ខាត មិនឲ្យដុតនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ។

តាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤-​២០១៥ នៅទូ​ទាំងប្រទេស បាន​កើតគ្រោះអគ្គិភ័យចំនួន៥៩០លើក ក្នុងនោះបាន​បណ្តាល​ឲ្យ ស្លាប់​មនុស្ស​ចំនួន​៣៧​នាក់។ ដោយ​ឡែក នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ ដើមឆ្នាំ២០១៦នេះ មានអគ្គិភ័យ​៩​លើក​បាន​កើតឡើង៕ ​