(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរឃុំស្រុក ចុះស្រាវជ្រាវរកមុខមេខ្យល់ដែលកៀងគរឱ្យប្រជាពលរដ្ឋ ចូលទៅកាប់ទន្រ្ទានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

ការចុះពិនិត្យមើលទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន (CHPB) development ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានស្នើដល់ក្រសួង អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយទប់ស្កាត់ការកាប់រានដីព្រៃ របស់ក្រុមហ៊ុន ធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ ដែលកំពុងនាំគ្នាកាប់រានដីព្រៃក្រុមហ៊ុន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។

ការជំរុញបែបនេះរបស់លោក គង់ គឹមនី បានធ្វើឡើងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នាឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុកចុះធ្វើការត្រួតពិនិត្យ ជាក់ស្ដែងនៅទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development ក្នុងឃុំកំពង់ចាម។

នាឱកាសនោះដែរ លោកបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត នឹងចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋទាំងនោះបានជ្រាប់ ហើយកំណត់ពេលវេលាឱ្យពួកគាត់ រុះរើជាបន្ទាន់ បើផុតកំណត់ ថ្ងៃជូនដំណឹងបងប្អូននៅតែមិនព្រមរុះរើនោះទេ អាជ្ញាធរនឹងមានវិធានការតាមច្បាប់។

ក្នុងនាមអាជ្ញាធរលោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះគោរពច្បាប់ កុំធ្វើអ្វីកំបំពានច្បាប់ បើសិនជាបងប្អូនខ្វះដីពិតប្រាកដ សុំឱ្យបងប្អូនដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច និងមូលដ្ឋានបងប្អូនផ្ទាល់មកអាជ្ញាធរខេត្ត។

ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development មានចំនួន១២,១៩០ហិកតា សម្រាប់វិនិយោគដាំដំណាំកសិឧស្សាហកម្មលើដំណាំកៅស៊ូ តែបច្ចុប្បន្ននេះ ដីព្រៃក្រុមហ៊ុនមួយផ្នែកធំ កំពុងរងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក យកធ្វើជាកម្មសិទ្ធិ និងបានសាងសង់សំណង់អនាធិបតេយ្យសង់ជាកូនខ្នង ដាំដើមចែក លើដីក្រុមហ៊ុននោះទៀតផង។

សូមបញ្ជាក់ថា កន្លងមកមានមេក្លោងចំនួនបីនាក់ ដែលជាអ្នកដឹកនាំក្រុមប្រជាពលរដ្ឋចំណាកស្រុក បាននាំគ្នាកាប់រានមកដល់របងស្នាក់ការក្រុមហ៊ុន និងបានគំរាមកំហែងសម្លាប់សន្តិសុខក្រុមហ៊ុន និងប្រជាការពារ ក្នុងឃុំកំពង់ចាម ដែលចុះល្បាតក្នុងទឹកដីក្រុមហ៊ុនទៀត ហើយថែមទាំងវាយកម្ទេចប៉ុស្តិ៍យាមរបស់ក្រុមហ៊ុនថែមទៀត៕