(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាឱ្យបន្តិចបន្តួចបន្ទាប់ពីរូបលោកមិនហ៊ានចាត់ចែងលុយ ដែលសម្តេចទម្លាក់ឱ្យ ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។ តែបន្ទាប់ពីត្រូវមាត់នេះទៅ សម្តេចបានបន្ថែមថវិកាជួយខេត្ត បន្ទាយមានជ័យ ១០ម៉ឺនដុល្លារទៀត។

រឿងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទម្លាយក្នុងពេលសម្តេចអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកទេសរដ្ឋមន្ត្រី បានរាយការណ៍ពីស្ថានភាពនៃផលប៉ះពាល់ និងទំហំប្រាក់ដែលមានក្នុងដៃសម្រាប់ដោះស្រាយ ហើយក៏ស្នើសុំប្រើកញ្ចប់ថវិកាសម្តេចទម្លាក់ជំហ៊ានទីមួយចំនួន ១០ម៉ឺនដុល្លារ។ ក្រោយឃើញការរាយការណ៍នេះ សម្តេចតេជោ ក៏បានស្តីបន្ទោសលោកទេសរដ្ឋមន្ត្រី គន់ គីម តែម្តង។ សម្តេចតបថា ថវិកានេះឱ្យយកទៅដោះស្រាយបញ្ហា និងជួយប្រជាពលរដ្ឋ មិនមែនឱ្យយកទៅឱបនោះឡើយ។

តែទោះយ៉ាងណាក្រោយពីការស្តីបន្ទោសបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទម្លាក់ថវិកាបន្ថែមចំនួន ១០ម៉ឺនដុល្លារទៀត សម្រាប់ដោះស្រាយការលំបាកក្នុងខេត្តបន្ទាយមានជ័យ។

សម្រាប់លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ Fresh News ថា ការស្តីបន្ទោសរបស់សម្តេច គឺប្រៀបដូចជាឪពុកស្តីបន្ទោសកូន នៅពេលមានបញ្ហាខុសឆ្គង។ ដូច្នេះលោកគ្មានអ្វីទោមនស្ស ឬអាក់អន់ស្រពន់ចិត្តនោះឡើយ ហើយមានតែការប្រឹងប្រែងបម្រើការងារជូនសម្តេច និងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងតួនាទីជាអ្នកប្រតិបត្តិលើការងារគ្រោះមហន្តរាយនេះ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើការងារគ្រោះមហន្តរាយ បានចុះមកឈរជើងជាប់ជាប្រចាំនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងកំលុងពេលរងការគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនេះ។ ក្រៅតែពីខេត្តបន្ទាយមានជ័យ លោកក៏បានធ្វើដំណើរទៅកាន់ខេត្តរងការជន់លិចដទៃដូចជាពោធិ៍សាត់ បាត់ដំបង និងប៉ៃលិនជាដើម ដើម្បីពិនិត្យស្ថានភាពរងគ្រោះ និងដាក់ចេញនូវដំណោះស្រាយ៕