(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងរបៀបវារៈមួយចំនួនទៀត។

បើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិភាក្សាបន្ថែមនូវរបៀបវារៈថ្មីមួយ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ដែលមានដូចជា៖

១៖ បន្ថែមនូវរបៀបវារៈថ្មីមួយទៀតស្តីពី ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។

២៖ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៣៖ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៤៖ ពិនិត្យនិងពិភាក្សាលើបញ្ហាផ្សេងៗ មួយចំនួនទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យសារជាថ្មី ដោយស្នាក់នៅខេត្តសៀមរាបមួយយប់ ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងបន្តចុះទៅជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទីណាដែលប្រជាជនជួបការលំបាក ទីនោះតែងតែមានវត្តមានរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសម្តេចមិនមានទម្លាប់រត់ចោលប្រជាជនដែលជួបការលំបាកនោះទេ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖