(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជា ៥ពាន់គ្រួសារ នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងជាថ្មីទៀតថា សម្តេច និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលមិនទម្លាប់រត់ចោលប្រជាពលរដ្ឋនៅពេលមានទុក្ខនោះឡើយ។

ក្នុងកិច្ចសំណេះសំណាល និងផ្តល់ស្បៀងអាហារនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ខ្មែរមានពាក្យថា «រួមសុខ រួមទុក្ខ» ដែលជាការតាស់តឿន និងរំលឹកឱ្យខ្មែរចេះរួមសុខរួមទុក្ខនឹងគ្នា។ ប៉ុន្តែបុគ្គលមួយចំនួន ចេះតែរួមរស់នៅពេលពលរដ្ឋមានសេចក្តីសុខ តែពេលពលរដ្ឋមានទុក្ខមិនឃើញមុខឡើយ សូម្បីតែសារចូលរួមរំលែកទុក្ខ រំលែកការលំបាកក៏គ្មានដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ «ពាក្យខ្មែរ គេបានភ្ជាប់គ្នាថា [រួមសុខ រួមទុក្ខ]។ ប៉ុន្តែអ្នកខ្លះរួមតែពេលមានសុខទេ ទុក្ខរត់ប្រុច ចោលយើងអស់។ សូម្បីតែពាក្យមួយមាត់ សម្តែងនូវមរណទុក្ខ សម្តែងនូវការសោកស្តាយចំពោះការលិចលង់ ក៏គេមិនបាននិយាយផង។ ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើង ក្រោយរបបប៉ុលពត យើងនៅតែបន្តប្រពៃណីនេះទៀត»

សម្តេចតេជោបន្ថែមថា «មហន្តរាយកើតឡើង ប្រជាជនជួបការលំបាក តែងមានវត្តមានជានិច្ចនូវមន្ត្រីគណបក្សប្រជាជន។ សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជននៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ»

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៩នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណជា ៣ម៉ឺនគ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានចុះមកកាន់ខេត្តបន្ទាយមានជ័យរយៈពេលពីរថ្ងៃហើយ ដើម្បីសួរសុខទុក្ខ រំលែកការលំបាក និងផ្តល់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់នានា។ រយៈពេលពីរថ្ងៃនេះសម្តេចតេជោ បានជួបសំណេះសំណាល និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះសរុប ២ម៉ឺនគ្រួសារ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងក្រុងសិរិសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី និងស្រុកថ្មពួក។

ប្រជាពលរដ្ឋរងគ្រោះ បានសម្តែងក្តីរីករាយនៅពេលបានឃើញវត្តមានសម្តេចតេជោ និងបានផ្តល់អំណោយជាស្បៀងអាហារ ដែលអាចជួយដោះស្រាយការលំបាករបស់ពួកគេនាពេលនេះ៕