ភ្នំពេញ ៖ លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារអ្វីមួយ សូមអញ្ជើញមករកចៅសង្កាត់ដោយផ្ទាល់ សូមមកទទួលសេវាដោយផ្ទាល់ ដើម្បីទំនាក់ទំនងល្អ រវាងមន្ត្រីរាជការយើង និងបងប្អូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ ភូមិ អោយមានស្និទ្ឋស្នាលរវាងអាជ្ញាធរមូលដ្ឋាន ។ ពេលខ្លះយើងគ្រាន់តែលឺតៗគ្នាថា ពិបាករកចៅសង្កាត់ ឬការបំពេញឯកសារអ្វីមួយ គេយកលុយកាក់ច្រើននោះ សូមអញ្ជើញមកផ្ទាល់ ព្រោះចៅសង្កាត់ គឺជាអ្នកបម្រើសេវាប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ សូមបងប្អូនបញ្ឈប់ការខ្លាចរអារបៀបនេះ ។ ម្យ៉ាងទៀត បើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកលោកភ្លាមៗ ។ លោកនឹងមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។

អភិបាលខណ្ឌចំការមន លោក ថេង សុថុល ថ្លែងបែបនេះ នៅក្នុងពិធីចែកអំណោយសប្បុរសជនដល់ប្រជាពលរដ្ឋ ចំនួន ៤០គ្រួសារ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅមុខបរិវេណសាលាសង្កាត់ផ្សារដើមថ្កូវ ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា «នេះជាការចូលរួមរបស់សប្បុរសជន ដោយសារមានការជឿជាក់ ទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាននេះហើយ ទើបបានសប្បុរសជនជួយ ដោយសារអំណោយ ដែលគេប្រគល់អោយមកអាជ្ញាធរខណ្ឌ សង្កាត់ គឺបានដល់ដៃប្រជាពលរដ្ឋក្រីក្រយើងដែលមានការខ្វះខាតពិតប្រាកដ»

ជាមួយគ្នានេះ លោកក៏បានសូមឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យឆ្លងជំងឺកូវីដ១៩ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែល យើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់ និងនៅគម្លាតឆ្ងាយពីគ្នាជាដើម ។ ការអំពាវនាវរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ ក្នុងឱកាសដឹកនាំក្រុម ការងារចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ ។

ជាមួយនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនពោះបងប្អូនប្រជាពលរដ្ឋយើង ទោះបីសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចបានគិតគូរខ្ពស់ ចំពោះបងប្អូនដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។

លោកអភិបាលខណ្ឌ បានបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រលាញ់ មិនចាំបាច់ថា អ្នកធំ អ្នកមាន បានអាចជួយបងប្អូនបាននោះទេ ។ គឺគ្រប់គ្នាទាំងអស់ អោយតែមានចិត្តជួយដល់សង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋពិតនោះ គឺអាចជួយបានទាំងអស់ ។

លោកអភិបាលខណ្ឌ បានលើកឡើងថា ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាចាំបាច់។
លោកអភិបាលបានបញ្ជាក់ថា សម្រាប់ទឹកចិត្ត មិនថាអ្នកធំ ឬសប្បុរសជន តាមរយៈរាជរដ្ឋាភិបាល វិស័យឯកជន ឬអង្គការសមាគមនោះទេ ជានិច្ចកាល គឺតែងតែចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួបទុក្ខលំបាក ឬគ្រោះមហន្តរាយនានា។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានអនាម័យឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត បរិស្ថានល្អ ។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ តែក្នុងពេលនេះ លោកបានសម្ដែងការត្រេកអរ ដែលបានឃើញបងប្អូនបានពាក់ម៉ាសគ្រប់ៗគ្នា ដើម្បីចូលរួមការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ស្ករស រួមនឹងថវិកា ៣ម៉ឺនរៀលផងដែរ ៕