(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ អេងហួត ជំរុញឲ្យមន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការថែទាសុខភាពកុមារ ខណៈអត្រាមរណភាពទារក និងកុមារនៅកម្ពុជា នៅតែជាក្តីកង្វល់នៅឡើយ។

ការថ្លែងបែបនេះ របស់មន្ដ្រីជាន់ខ្ពស់រូបនេះ ក្នុងពិធីបើកសន្និសីទរោគកុមារលើកទី២ រៀបចំឡើងដោយមន្ទីរពេទ្យកុមារជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ គួរឲ្យគត់សម្គាល់។ ប៉ុន្តែបញ្ហានេះ នៅតែជាក្តីកង្វល់នៅឡើយ ខណៈចំនួនថយចុះនេះ មិនទាន់ឈានទៅដល់គោលដៅដែលបានកំណត់ ។

លោកសាស្ត្រាចារ្យបានបន្ថែមថា«ប្រសិនបើកុមារមានបញ្ហាសុខភាព វានឹងប៉ះពាល់ដល់ការលូតលាស់ និងបញ្ហាស្មារតីរបស់កុមារ ហើយវិបត្តិទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារកុមារផ្ទាល់ប៉ុណ្ណោះទេ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការអភិវឌ្ឍន៍ជាតិយើងផងដែរ»។

យោងតាមសូចនាករនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)នៅឆ្នាំ២០៣០ អត្រាមរណភាពរបស់មាតា ត្រូវនៅក្រោម៧០ លើ១០០,០០០កំណើតរស់ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ ត្រូវនៅក្រោម២៥ លើ១,០០០កំណើតរស់ និងអត្រាមរណភាពរបស់ទារកទើបកើត ត្រូវនៅក្រោម១២ លើ១,០០០កំណើតរស់។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ដើម្បីសម្រេចឲ្យបានជោគ ជ័យតាមសូចនាករនេះ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំទាំងអស់គ្នាទាំងចំណេះដឹង និងសមត្ថភាពជំនាញរៀងៗខ្លួន។

លោកសាស្ត្រាចារ្យ អេង ហួត បានថ្លែងបន្ដថា «ខ្ញុំសូមក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ សូមខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែមទៀត ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ដើម្បីផ្តល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព និងសមភាពដោយប្រកាន់ខ្ជាប់នូវការថែទាំល្អ ជាមួយនឹងការព្យាបាលត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសកុមារដែលមកទទួលសេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស»។

លោកសាស្ត្រាចារ្យបានបញ្ជាក់ទៀតថា ជាក់ស្តែងសន្និសីទនាពេលនេះ មានសារសំខាន់ណាស់ សម្រាប់គ្រូពេទ្យគិលានុប្បដ្ឋាកឆ្មប និងអ្នកជំនាញឯកទេសផ្សេងៗគ្នា ក្នុងវិជ្ជាជីវៈសុខាភិបាលទាំងអស់ ជួបគ្នាធ្វើបទបង្ហាញពិភាគ្សាគ្នា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការអនុវត្តទាក់ទិននឹងការថែទាំព្យាបាលកុមារនិងទារក។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានលើកឡើងផងដែរថា សន្និសីទនេះធ្វើឡើង ដើម្បីបង្កើនចំណេះដឹង ពង្រឹងគុណភាពសមត្ថភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឲ្យកាន់តែប្រសើរឡើង ពិសេសពង្រឹងការទំនាក់ទំនងរវាងអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ក្នុងប្រព័ន្ធការងារដែលទាក់ទងគ្នា ដើម្បីការអភិវឌ្ឍន៍ និងការរីកចម្រើនទាំងអស់គ្នា ក៏ដូចជាចែករំលែកបទពិសោធន៍ថ្មីៗទាន់ហេតុការណ៍ អំពីសុខុមាលភាពទារក និងកុមារនៅកម្ពុជា និងសកលលោក។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានគូសបញ្ជាក់ថា «ក្នុងថ្ងៃនេះយើងមិនត្រឹមតែស្វែងយល់អំពីការថែទាំព្យាបាលប៉ុណ្ណោះទេ ថែមទាំងតួនាទីក្នុងការទទួលខុសត្រូវរបស់អ្នកវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រសកលថែមទៀត ព្រោះថា បញ្ហាសុខភាពរបស់ទារក និងកុមារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕