(ត្បូងឃ្មុំ)៖ គ្រាដែលជំនន់ទឹកភ្លៀង ដែលធ្វើឲ្យទឹកទន្លេមេគង្គ បន្តហក់ឡើងជាបន្តបន្ទាប់ បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី បានបន្តដឹកនាំក្រុមការងារ មានគណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងដំណាំស្រូវរបស់ពលរដ្ឋរាប់រាយហិចតា ដែលលិចលង់រងការខូចខាត ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងសរុបទូទាំងខេត្តជិត២ពាន់ហិចតា រងការខូចខាត។

មូលហេតុនេះក៍ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ចេះតែបន្តកើនឡើង ធ្វើឱ្យមានទឹកហូរចូលចូលបឹងនានា បណ្តាលអោយលិចស្រូវ ហូរកាត់ខូចខាតផ្លូវជាច្រើនកន្លែង និងមានបាក់ច្រាំងទន្លេ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយទេ។

ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថាដំណាំស្រូវត្រូវបានលិចទឹកដោយសារជំនន់ទឹកភ្លៀងទឹកទន្លេមេគង្គប្រមាណ ២៣០០ហិចតា ក្នុងនោះខូចខាតប្រមាណ១៧០០ហិចតា ត្រូវលិចលង់ និងកណ្តុរកាត់បំផ្លាញ រងផលប៉ះពាល់ក្នុងស្រុកចំនួនបី គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ។

ឆ្លៀតក្នុងឳកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលងាយគ្រោះថ្នាក់ដោយសារលង់ទឹក និងត្រូវប្រុងប្រយ័ត្នការពារខ្លួនពីសត្វអាសិរពិសនានា។

លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់ នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យបានជាប្រចាំនិងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង ដល់ចំណុចប្រកាសអាសន្ន។

ក្នុងឳកាសនោះដែរ លោកអភិបាលខេត្តក៏បានសំណេះសំណាល និងចែកថវិការមួយចំនួនដល់មេឃុំ ស្មៀនឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដោយក្តីស្រលាញ់ ព្រួយបារម្ភ និងអាណិតអាសូរផងដែរ៕