(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ដឹកនាំដោយលោក បណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី សហការជាមួយអាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោក លី ណាវុឌ្ឍ អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ពានថ្ម និងសប្បុរសជន បានដឹកនាំសមាជិក សមាជិកា ក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាល ចែកថ្នាំ ចែកនំ និងជូនថវិកា១លានរៀល ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ប្រមាណ៩០៣គ្រួសារ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកបណ្ឌិត ហេង សុខគង់ បាននាំយកនូវការផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀងក្នុងដំណាក់កាលនេះ សូមចូលរួមថែរក្សាសុខភាព ឱ្យបានល្អខ្ជាប់ខ្ជួន ទទួលទាននូវរបបអាហាត្រឹមត្រូវ ចៀសវាងមានជំងឺផ្សេងមកបៀតបៀន ដែលយើងមិនអាចដឹងមុននោះឡើយ។

ផ្ដើមចេញពីស្មារតី នៃការចេះជួយគ្នាក្នុងគ្រាលំបាក ខណៈដែលស្ថានភាពទឹកជំនន់មិនទាន់មានការថមថយ សកម្មភាពសប្បុរសធម៌ពីសំណាក់សប្បុរសជនពីគ្រប់ទិសទី ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក. បាននឹងបន្ដសកម្មភាពជួយនៅតាមគោលដៅ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវទឹកជំនន់នេះ។

ជាពិសេស សាមគ្គីគ្នា ដោយសហការជាមួយអាជ្ញាធរដែលកំពុងប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងរក្សាសុវត្ថិភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ជាពិសេស ក្នុងតំបន់ដែលរងការប៉ះពាល់ធ្ងន់ជាងគេបន្តផងដែរ។

សូមជម្រាបថា ការចុះនិត្យព្យាបាលជំងឺ ចែកស្បៀង និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ នារសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ជាខណ្ឌទី៣ហើយ បន្ទាប់ពីខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់៕