(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការចូលរួមជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារទឹកជំនន់សរុបចំនួន៣៦នាក់ ក្នុងម្នាក់ៗចំនួន៤លានរៀល ដែលការឧបត្ថម្ភសរុបចំនួន ១៤៤,០០០,០០០រៀល។

បើគិតទាំងថវិកាឧបត្ថម្ភបន្ថែមដោយលោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ជាមួយនិងថវិកាដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលម្នាក់ៗចំនួន១០លានរៀលទៀតនោះ ធ្វើឲ្យគ្រួសារសពជនរងគ្រោះដោយសារទឹកជំនន់ម្នាក់ៗ ទទួលបានការថវិកាឧបត្ថម្ភកើនដល់១៤លានរៀល។

លោកឧកញ៉ា ឡាយ ប៊ុនប៉ា បានបញ្ជាក់បន្ថែមថា ប្រសិនបើករណីមានអ្នកស្លាប់ដោយសារទឹកជំនន់ថែមទៀតនោះ លោកឧកញ៉ានឹងជួយឧបត្ថម្ភបន្តទៀត។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងនៅកម្ពុជាបានគ្របដណ្ដប់លើបណ្ដាខេត្ត និងក្រុង ដែលមានចំនួនសរុប១៩ រាជធានី-ខេត្ត និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៤០ម៉ឺននាក់ និងសម្លាប់ប្រជាពលរដ្ឋកើនដល់៣៦នាក់។