(កំពង់ធំ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយរបស់ព្រះករុណាជាអម្ចាស់ និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដែលបណ្តាលឱ្យលិចលំនៅដ្ឋាន និងផលដំណាំ ៥៩៤គ្រួសាររស់នៅក្នុងឃុំចំនួន ៤ នៃស្រុកស្ទោង ខេត្តកំពង់ធំ មានឃុំទ្រា ឃុំកំពង់ចិនត្បូង ឃុំរុងរឿង និងឃុំបន្ទាយស្ទោង សរុបចំនួន ១១ភូមិ។

សកម្មភាពនេះមានការចូលរួមពីលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។

លោក គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងរស់នៅមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។

ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានលោក គុយ សុផល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនបងប្អូនទាំង ៥៩៤គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា នេះជាលើកទី៧ នៃការប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ប្រទានដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង តាមរយៈលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាង ដែលលើកទី១នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានចំនួនសរុប ៦៤៥គ្រួសារ លើកទី២នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១គ្រួសារ លើកទី៣ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានចំនួន ៥៤៥គ្រួសារ លើកទី៤នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺមានចំនួន ៤៧៦គ្រួសារ លើកទី៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានចំនួន ៦៧៤គ្រួសារ លើកទី៦នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចំនួន ៥៩៩គ្រួសារ និងលើកទី៧ នៅស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៥៩៤គ្រួសារ។

ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានចែកជូនដល់បងប្អូនប្រជារាស្ត្រ ទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបជាមេគ្រួសារចំនួន ៥៩៤នាក់ ស្ថិតនៅឃុំចំនួន ៤ នៃស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៤ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ចំនួន៤០ម៉ឺនរៀល។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ នៅពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួតជាអម្ចាស់នៃយើង។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយនៅក្នុងមូលដ្ឋានខាងលើនេះ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងបានថ្វាយព្រះរាជសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងកម្ពុជាជាដរាបតរៀងទៅ៕