(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) បានសម្រេចផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ស្ថានទូតជប៉ុននៅកម្ពុជា បង្ហាញអំពីសម្ភារសង្គ្រោះទប់ទល់ជាមួយគ្រោះទឹកជំនន់ រួមមាន៖

*តង់ ចំនួន២០០
*ឧករណ៍ចម្រោះទឹក ចំនួន២០
*ភួយ ចំនួន៧៨០
*ម៉ាស៉ីនភ្លើង ចំនួន៥
*កម្រាលផ្លាស្ទីក ចំនួន៧០
*កម្រាលគេង ចំនួន៧៨០
*ធុងទឹក ចំនួន២០០។

សម្ភារទាំងអស់នេះ នឹងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាពេលឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗ ក្រោយពេលមកដល់។

ជាមួយគ្នានេះ ស្ថានទូតជប៉ុន ក៏បានបួងសូងឲ្យប្រជាជនដែលរងគ្រោះដោយទឹកជំនន់ សូមមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្ដរាយនេះផងដែរ៕