(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

យោងតាមរបាយការណ៍របស់វិទ្យាស្ថាន បានឲ្យដឹងថា ឥទ្ធិពលនៃទឹកជំនន់ទឹកភ្លៀង មកពីផ្នែកខាងលើ ជាពិសេសមកពីផ្លូវជាតិ៤ និងជំនន់ព្រែកត្នោត បានធ្វើឲ្យវាលស្រែ ពិសោធន៍ របស់វិទ្យាស្ថានទាំងស្រូវស្រាល និងស្រូវកណ្តាលទទួលរងនូវការជន់លិច បណ្តាលឲ្យស្រូវស្រាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមាន ការប៉ះពាល់ និងខូចខាតមួយចំនួន។

តាមការអះអាងរបស់បណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានថា ប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះ នោះនៅសប្តាហ៍ក្រោយស្រូវកណ្តាល អាចធ្វើការប្រមូលផលបានខ្លះ។

ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ ទាំងថ្ងៃ ដើម្បីយកបាវខ្សាច់ មកទប់កាន់ទឹកមិនឲ្យហូរចូលក្នុងអគារ ហើយកន្លែងខ្លះប្រើម៉ាស៊ីនបូមរំដោះទឹក ជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋពីការលិចលង់។

ទោះជាយ៉ាងនេះក្តី ជាអកុសលនៅយប់ថ្ងៃទី១ ឥទ្ធិពលនៃទឹកជំនន់បានចូលទៅបំផ្លាញស្រូវពូជ ចំនួន៣តោនដល់ក្នុងឃ្លាំងតែម្តង។ ក្នុងអន្តរកាលនេះ វិទ្យាស្ថានកំពុងបន្តចាត់វិធានការការពារ ដោយប្រើបាវខ្សាច់លើកព័ទ្ធជុំវិញ ឃ្លាំងស្តុកស្រូវពូជ អគារសំខាន់ៗ និងបូមទឹកចេញ។

ពិនិត្យឃើញស្ថានភាព នៃគ្រោះមហន្តរាយនេះរួច លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករទាំងអស់ ដែលបានយកអស់ កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចាត់វិធានការការពារឲ្យបានទាន់ពេល បើទោះជាមានការប៉ះពាល់ និងខូចខាតស្រូវពូជ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនក្តី។

បន្ទាប់ទឹកស្រក លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យវិទ្យាស្ថាន រៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថាន ឲ្យបានល្អប្រសើរ និងត្រូវស្តារស្ថានភាព ដំណាំស្រូវឡើងវិញ តាមលទ្ធភាពដែលអាចធ្វើបាន។

លោកបន្តថា នេះជាបទពិសោធន៍ដែលគួរចងចាំ ទុកជាមេរៀនសម្រាប់ឆ្នាំបន្តបន្ទាប់។ មួយវិញទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ មើលថែរក្សាទ្រព្យសម្បត្តិ ឲ្យបានគង់វង្សល្អ ពិសេសពូជស្រូវគ្រឹះក្នុងឃ្លាំង ធនាគារពិន្ធុ (GEN Bank) និងមន្ទីរពិសោធន៍។

ដើម្បីជួយសម្រាលបញ្ហាប្រឈម នាឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានជួយឧបត្ថម្ភវិទ្យាស្ថានប្រេងចំនួន៩០០លីត្រ និងថវិកាចំនួន៥០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់ ជាពិសេសការបន្តបូមទឹកចេញពីតំបន់លិចលង់។

លោកនាយកវិទ្យាស្ថាន ក្នុងនាមឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះពេលវេលាទឹកចិត្ត និងការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់លោករដ្ឋមន្រ្តី វេង សាខុន មកលើវិទ្យាស្ថានទាំងមូល បើទោះបីលោកមាន ការមមាញឹកយ៉ាងណាក៏ដោយ។

នាឱកាសនេះ លោកនាយកវិទ្យាស្ថាន បានផ្តល់ស្រូវពូជសែនក្រអូបចំនួន៤តោន និងស្រូវពូជចម្រុះចំនួន២០តោនទៀត ជូនលោករដ្ឋមន្រ្តី វេង សាខុន ទុកយកទៅចែក ជូនប្រជាកសិករ ឬសហគមន៍កសិកម្ម ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីចូលរួមស្តារផលិតកម្មដំណាំស្រូវ ក្រោយពេលទឹកស្រកឡើងវិញ៕