(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានមានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមបកស្រាយពី លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីអត្ថន័យគោលការណ៍ យន្ដការ និងភារកិច្ច នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងសន្និសីទសារព័ត៌មាននេះ លោក ថេង បញ្ញាធន បានលើកឡើងថា ការងាររៀបចំ «កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល» ជារឿងសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយអាទិភាពឲ្យសម្រេចបាន ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ក៏ដូចជាការឈានទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចអនុម័តហើយលើ «សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ពីឆ្នាំ២០២១ ដល់២០២៣ ត្រូវចំណាយទុនជិត ១៣ពាន់លានដុល្លារអាមេរិក។

កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣ ត្រូវបានរៀបចំដោយមានកត្តាចម្បង និងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ គឺការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕