(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានទទួលអំណោយមនុស្សធម៌ជាបន្តបន្ទាប់ពីបណ្តាសប្បុរសជនក្នុងរាជធានី ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ ពីសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងនៅកម្ពុជា ចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់យកទៅជួយដល់ជនរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ។

លោល ឃួង ស្រេង បានថ្លែងថា ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ កំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាចាំបាច់។

លោកអភិបាលបានបញ្ជាក់ថា សម្រាប់មិត្តចិន មិនថាតាមរយៈរដ្ឋភិបាល វិស័យឯកជន ឬ អង្គការសមាគមនោះទេ ជានិច្ចកាល គឺតែងតែចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួបទុក្ខលំបាកឬគ្រោះមហន្តរាយនានា។

លោកបន្តថានៅព្រឹកថ្ងៃដដែលនេះដែរ សាលារាជធានីក៏បានទទួលអំណោយសប្បរសធម៌ពីមូលនិធិ ប៊ី អិន អាយ ជាថវិកា និងគ្រឿងឧបភោគ បរិភោបមួយចំនួន ដើម្បីរដ្ឋបាលមានលទ្ធភាព ក្នុងការបន្តជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ។

ដោយឡែកកាលពីរសៀលថ្ងៃម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយសប្បុរធម៌ជានំចំណីមួយចំនួនពីសប្បុរសជនក្នុងរាជធានីភ្នំពេញ សម្រាប់យកបន្តចែកជូន ប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះនៅតាមមូលដ្ឋានរាជធានី។

ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារះប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយ ខកបំណងឡើយ៕