(ភ្នំពេញ)៖ ក្រោយពីស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកភ្លៀង បានថបថយជាបន្តបន្ទាប់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញជាបណ្តើៗហើយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រៀវជ្រៅបំផុត ចំពោះកងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមយ៉ាងសកម្ម និងដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងរាជធានីភ្នំពេញ នាអំឡុងពេលជាង២សប្តាហ៍មកនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានអះអាងថា ដោយសារកម្លាំងសាមគ្គី ដែលជាចលករដ៏សំខាន់ បំផុតជួយឲ្យរដ្ឋបាលរាជធានីភ្នំពេញជំនះ បាននូវឧបសគ្គដ៏ធំធេង ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត បានជោគជ័យ និងមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតនោះទេ។

លោកអភិបាល បានថ្លែងថា សមរភូមិដ៏ស្មុគ្រស្មាញនេះ ថ្វីត្បិតតែមិនទាន់ទៅណាឆ្ងាយក៏ពិតមែន តែឆ្លងកាត់ពេលវេលាគ្រោះថ្នាក់មួយនេះ បានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដ៏ ធំធេងបំផុត ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាក្រុមអ្នកស្ម័គ្រចិត្ត និងសប្បុរជនទាំងក្នុង និងក្រៅប្រទេសបានចូលរួម យ៉ាងសស្រាក់សស្រាំ ទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារៈនិងថវិកា រួមគ្នាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែងជួបនូវគ្រោះធម្មជាតិមួយនេះ។

បន្ថែមពីនេះលោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីការទទួលបានជោគជ័យផងដែរ លើការសម្របសម្រួលជាមួយបងប្អូនកម្មករ ប្រមូលនិងដឹកជញ្ជូនសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានធ្វើកូដកម្ម មិនប្រមូលសំរាមជាង២សប្តាហ៍នោះ ឥឡូវនេះបងប្អូនកម្មករទាំងនោះបានចូលបំរើការងាវិញជាធម្មតា ក្រោមការទទួលយក នូវដំណោះស្រាយដ៏គាប់ប្រសើរ និងមានការទទួលខុសត្រូវ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា យ៉ាងច្បាស់លាស់។

យ៉ាងណាលោក ឃួង ស្រេង ក៏បានបញ្ជាក់ថា បន្ទាប់ពីនេះ អាជ្ញាធររាជធាពនីភ្នំពេញ នឹងរៀបចំកម្លាំង ដើម្បីចុះជួយប្រជាពលរដ្ឋក្នុងការលាងជូតសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ដែលរងការលិចលង់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ។ បន្តពីនេះក៏ត្រូវធ្វើសកម្មភាពជួសជុល និងស្តារហេដ្ឋរចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជាច្រើនដែលរងការបំផ្លិតបំផ្លាញដោយទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរឡើងវិញ៕