(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានចេញលិខិតមួយជូនមកប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ក្នុងការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតបានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាត ឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រសួងអប់រំ បានបញ្ជាក់បន្ថែមទៀតថា ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណា មិនបានអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន។

ដោយឡែកសម្រាប់សាលារដ្ឋវិញ ត្រូវបានលោក រស់ សុវាចា បញ្ជាក់ថា ក្រសួងអប់រំ នឹងជូនដំណឹងនៅពេលក្រោយ។

ក្នុងដំណាក់កាល នៃការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំបន្ថែមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងបរិបទជំងឺកូវីដ១៩ផងដែរ។

គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលបានរៀបចំឡើងនេះ មានគោលបំណងណែនាំអំពីវិធានការអនាម័យ រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថាន សិក្សាអាចរៀបចំ និងត្រៀមលក្ខណៈដំណើរការសេវានានា ក្នុងគ្រឹះស្ថានសិក្សាពេញលេញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗ ឲ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ១៩ និងទៅអនាគត។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ប្រធានអង្គភាពថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន អាជ្ញាធរពាក់ព័ន្ធ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដានេះ ឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕