(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តចំនួន១៩ ដែលរងគ្រោះដោយសារទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រថយន្តយោធាចំនួន ២៩០គ្រឿង ដែលរាជរដ្ឋាភិបាលកម្ពុជា បានទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ-១៩ គឺបានបង្ហាញពីអនុភាពជាក់ស្តែង និងបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បន្ថែមលើមុខងារក្នុងវិស័យកងទ័ព តាមរយៈការដឹកជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការសម្រេចទិញរថយន្ដយោធាទាំងអស់នេះ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ហើយការបញ្ជាទិញនេះទៀតសោត មិនបានប្រើប្រាស់ថវិការបស់ជាតិនោះឡើយ ពោលគឺជាថវិការបស់សប្បុរសជន។

បុរសខ្លាំងកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅកន្លែងនេះ សុទ្ធតែដឹកមកពីចម្ងាយ (ប្រជាពលរដ្ឋ) យើងដឹកគាត់មក ហើយដឹកត្រឡប់ទៅវិញ ត្រូវហើយឡានកងទ័ព អញ្ចឹងបានថា ឡានកងទ័ពនេះកាន់តែច្បាស់ ខ្ញុំបានចលនាសប្បុរសជន ដើម្បទិញឡាន ហើយកងទ័ព នគរបាល និងអាវុធហត្ថ ចំនួន២៩០គ្រឿង […] បើគេយកអាហ្នឹងវ៉ៃរដ្ឋាភិបាល ចង់ងាប់ ចង់រស់ ប៉ុន្តែអីឡូវនេះ ឡាននេះវាបានបង្ហាញជូនប្រជាពលរដ្ឋកម្ពុជាថាឡាននេះ ទន្ទឹងមនឹងបម្រើដល់វិស័យកាេពារជាតិ វាជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»

ជាមួយនឹងការលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា រយៈពេលនេះ សម្តេចតែងតែប្រញាប់ងើបពីព្រឹកព្រលឹមដើម្បីតាមដានសភាពការណ៍វិវត្តន៍នានា ដើម្បីដោះស្រាយបញ្ហាប្រឈមដោយសារទឹកជំនន់ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាកាលពីពេលថ្មីៗនេះថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លានដុល្លារ ដែលជាការបរិច្ចាគរបស់សប្បុរជន ដើម្បីបម្រើប្រាស់ជាមធ្យោបាយឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ហើយសម្ដេចបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើនជាងនេះទៀត។

សូមរំលឹកថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។

រថយន្តទាំងនេះមានគុណភាពល្អ ថ្មី អាចចល័តបានយ៉ាងឆាប់រហ័សដែលធ្វើឱ្យមានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ចំណែករថយន្តចាស់ៗកន្លងទៅ មានការខូចខាតច្រើន ដែលចល័តមិនទាន់សភាពការណ៍ជាដើម។ លោកអះអាងទៀតថា ដោយសាររថយន្តអំណោយរបស់សម្តេចតេជោ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់កងទ័ពនេះហើយ បានធ្វើឱ្យកងទ័ពបានរួមចំណែកជួយពលរដ្ឋបានយ៉ាងឆាប់រហ័ស៕