(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានអង្ករ១០០តោន ដែលគិតជាថវិកាស្មើនឹង៥៥,០០០ដុល្លារអាមេរិក ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជួយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ នាពេលថ្មីៗនេះ។

ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័ស ចំពោះស្ថានភាពគ្រោះទឹកជំនន់ ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្ត ដល់មន្ត្រីដែលកំពុងធ្វើការជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ខ្យល់ព្យុះដ៏កាចសាហាវជាប់ៗគ្នា ក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់ នៅក្នុងប្រទេសដែលឆ្នាំនេះ គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់វាយប្រហារ ប្រទេសកម្ពុជាខ្លាំងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

លោក Pern Chen បានបន្ថែមថា ដូច្នេះមានប្រជាជនជាច្រើន ដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថា ការឧបត្ថម្ភនេះ នឹងជួយដល់សហគមន៍ដែលរងគ្រោះ។

ជាមួយគ្នានោះ លោក Pern Chen ក៏សូមថ្លែងអំណរគុណ និងសូមកោតសរសើរ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលកំពុងធ្វើការជួរមុខ ជួយដល់គ្រួសាររងគ្រោះ និងផ្តល់ជំនួយដល់ប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត។

សូមជម្រាបថា ជំនន់ទឹកភ្លៀងកំពុងប៉ះពាល់១៩ រាជធានី-ខេត្តរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផល ប៉ះពាល់នៅក្នុង១៩រាធានី-ខេត្ត។

ក្នុងនោះ មានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន១០,៥៨៣គ្រួសារ ស្មើប្រមាណ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់៕