(ភ្នំពេញ)៖ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមការប្រជុំ Princess Maha Chakri Award Forum លើកទី៣ នៃមូលនិធិពានរង្វាន់ នៃព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន តាមប្រព័ន្ធវីឌីអូ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ការបង្រៀនរបស់គ្រូក្នុងតំបន់អាស៊ាន។

ការប្រជុំតាមប្រព័ន្ធវីដេអូនេះ ក៏មានការចូលរួម ពីមន្ត្រីជាន់ខ្ពស់តំណាង ក្រសួងអប់រំ យុវជន និងកីឡា, មន្ត្រីការទូត នៃស្ថានទូតថៃ ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន ឯកជនថៃ នៅកម្ពុជាផងដែរ។ ការប្រជុំនេះ ធ្វើឡើងនាសណ្ឋាគារ សូហ្វីថែលភ្នំពេញភូគីត្រា។

ក្នុងកិច្ចប្រជុំនេះ លោកគ្រូ ឡូយ វីរៈ ជាលោកគ្រូជ័យលាភីប្រចំាឆ្នាំ២០១៩ ពីវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាតំណាងកម្ពុជា ក្នុងការផ្លាស់ប្ដូរ បទពិសោធន៍ការបង្រៀន រួមជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដែលជាម្ចាស់ជ័យលាភីតំណាងមកពីបណ្ដាប្រទេស សមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត សរុបចំនួន១១រូប។

ពានរង្វាន់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ឬ PRINCESS MAHA CHAKRI AWARD ជារង្វាន់ព្រះរាជទានលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជាការលើក តម្កើងកិត្តិយសដល់គ្រូឆ្នើម នៅក្នុងកម្រិតការអប់រំថ្នាក់មូលដ្ឋាន នៃបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត ទាំងអស់ចំនួន១១រូប ក្រោមទស្សនវិស័យ គុណភាពនៃការសិក្សាអាស្រ័យ លើគុណភាពគ្រូ គុណភាពគ្រូ នាំមកនូវការកសាងគុណភាពមនុស្ស។

លើសពីនោះទៀត ជាការលើកតម្កើងព្រះកិត្យានុភាព នៃព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះបញ្ញាញាណ និងគុណូបការៈយ៉ាងធំធេង ចំពោះវិស័យអប់រំទាំងក្នុង និងក្រៅប្រទេស ក្នុងការដំណើរការអនុវត្តន៍ គម្រោងដោយមូលនិធិរង្វាន់ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ រួមជាមួយរដ្ឋលេខាធិការដ្ឋាន គរុសាស្ត្រ នៃក្រសួងអប់រំ (ថៃ) មូលនិធិ ដើម្បីសមភាពនៃវិស័យអប់រំ របស់ក្រសួងមហាផ្ទៃ (ថៃ) ក្រសួងការបរទេសថៃ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

សូមជម្រាបថា ការព្រះរាជទានពានរង្វាន់លើកដំបូង បានធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ និងមានការជ្រើសរើសបេក្ខជនជ័យលាភី សម្រាប់រង្វាន់ព្រះរាជទាន រាល់២ឆ្នាំម្ដង៕